បរទេស ៖ សហរដ្ឋអាមេរិក បានជំរុញប្រទេសអូស្ត្រាលី កុំឱ្យចុះហត្ថលេខា លើសន្ធិសញ្ញា ដែលស្វែងរកការហាមឃាត់ អាវុធនុយក្លេអ៊ែរ ទាំងអស់ ដោយអះអាងថាកិច្ចព្រមព្រៀងនេះ នឹងជំរុញឱ្យមាន “ការបែងចែក” រវាងមហាអំណាចពិភពលោក ខណៈដែលមានការបរាជ័យ ក្នុងការដោះស្រាយ “ការគំរាមកំហែងផ្នែកសន្តិសុខ” នៅជុំវិញពិភពលោក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កាសែត The Guardian កាលពីថ្ងៃអង្គារ ស្ថានទូត អាមេរិកប្រចាំនៅទីក្រុងកង់បេរ៉ាបាននិយាយថា ការចុះហត្ថលេខា របស់អូស្ត្រាលីលើសន្ធិសញ្ញា “នឹងមិនអនុញ្ញាតឱ្យមាន ទំនាក់ទំនងការរារាំង បន្ថែមទៀតរបស់សហរដ្ឋអាមេរិកទេ” ដោយសំដៅទៅលើ ‘ឆ័ត្រនុយក្លេអ៊ែរ’ របស់សហរដ្ឋអាមេរិក ដែលប្តេជ្ញាការពារ រដ្ឋមួយចំនួន ដែលមិនមែនជារដ្ឋមាននុយក្លេអ៊ែរ ជាមួយឃ្លាំងអាវុធអាតូមិក ដ៏ធំរបស់អាមេរិក។
អ្នកនាំពាក្យស្ថានទូតបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា “ខណៈដែលសហរដ្ឋអាមេរិកយល់ និងចែករំលែកនូវបំណងឆ្ពោះ ទៅរកគោលដៅរំសាយ អាវុធនុយក្លេអ៊ែរ យើងមិនគាំទ្រ សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធ នុយក្លេអ៊ែរទេ” ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន “មិនជឿថាវឌ្ឍនភាពឆ្ពោះ ទៅរកការរំសាយអាវុធនុយក្លេអ៊ែរអាច ត្រូវបានកាត់ចេញពីការគំរាមកំហែងផ្នែកសន្តិសុខ ដែលកំពុងមាននៅក្នុង ពិភពលោកបច្ចុប្បន្ន» ឡើយ៕