ព័ត៌មានជាតិ

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋាន សាងសង់នៅឆ្នាំ២០២៣​ គ្រោងចំណាយជាង១ពាន់លានដុល្លារ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងបាវិត នឹងបើកការរដ្ឋាន សាងសង់នៅឆ្នាំ ២០២៣ខាងមុខ គ្រោងចំណាយថវិកាចំនួន ១ ៦៣៨លានដុល្លារ ។

នាឱកាសអញ្ជើញ ចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នាថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានប្ដេជ្ញាធ្វើយ៉ាងណា ឱ្យផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សាងសង់រួចរាល់ ប្រហែលផ្លូវល្បឿនលឿន ក្រុងហូជីមិញ មកម៉ុកបៃ ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត។

លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា «ផ្លូវនេះមានចំងាយ ១៣៨គីឡូម៉ែត្រ ប៉ុន្ដែមានស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ទាំងស្ពាន និងផ្លូវប្រហែលជា ៥គីឡូម៉ែត្រ ហើយថវិកាដែលគ្រោង បណ្តាក់ទុកគឺ ១ ៦៣៨លានដុល្លារ ដែលមានទំហំតិចជាងក្រុងព្រះសីហនុ តែប្រវែងផ្លូវនេះក៏ខ្លីដែរ។ សង្ឃឹមបើកការដ្ឋាន នៅឆ្នាំ២០២៣ និងបញ្ចប់ នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧»៕

To Top