BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នំា២០២២ថា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក បានរិះគន់លោក Ron DeSantis អភិបាលរដ្ឋផ្លរីដា ខណៈដែលការប្រជែងគ្នា រវាងគណបក្សសាធារណរដ្ឋទាំង២នាក់ បានទាញចំណាប់អារម្មណ៍ជាខ្លំាង ។
លោក ត្រាំ បានមើលងាយអតីតសិស្សនយោបាយ របស់គាត់ថា ជាអភិបាល “មធ្យម” ដោយខ្វះ “ភាពស្មោះត្រង់” ។
លោក DeSantis ដែលមានវ័យ៤៤ឆ្នាំបានឈ្នះការបោះឆ្នោតឡើងវិញភ្លូកទឹកភ្លូកដី នៅពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារដោយបង្កើនឋានៈរបស់គាត់ ជាតារាដែលកំពុងរះភ្លឺចែងចាំងបំផុត របស់គណបក្សសាធារណរដ្ឋ ។
គាត់ត្រូវបានគេរំពឹងយ៉ាងខ្លាំងថា នឹងឈរឈ្មោះសម្រាប់ការតែងតាំងនៅឯសេតវិមាន ឆ្នាំ២០២៤ របស់គណបក្សនេះ ។
ប៉ុន្តែលោក ត្រាំ ដែលមានអាយុ៧៦ឆ្នាំមើលទៅទំនងជាឈរនៅលើមាគ៌ារបស់គាត់ ។
អតីតប្រធានាធិបតី ដែលមានមានបំណងធ្វើសង្រ្គាមក្នុងយុទ្ធនាការដ៏ធំ ហើយនៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយនឹងមូលដ្ឋាន របស់គណបក្សនោះ នឹងក្លាយជាគូប្រជែងដ៏ខ្លាំងមួយ សម្រាប់លោក DeSantis ឬគណបក្សសាធារណរដ្ឋផ្សេងទៀតដែលហ៊ានប្រកួតប្រជែងជាមួយគាត់ ។
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏វែងមួយ កាលពីយប់ថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានរិះគន់ ដល់អភិបាលរដ្ឋផ្លរីដា ថា ជាអ្នកនយោបាយក្មេងខ្ចី ដែលបានមករកគាត់ “នៅក្នុងរូបរាងអស់សង្ឃឹម” នៅពេលឈរឈ្មោះសម្រាប់អាណត្តិដំបូងរបស់គាត់នៅក្នុងឆ្នាំ២០១៧ ។
លោក ត្រាំ បានថ្លែងថា “លោក Ron មានការយល់ស្របកម្រិតទាប ការស្ទង់មតិមិនល្អ និងគ្មានលុយកាក់ ប៉ុន្តែគាត់បានថ្លែងថាប្រសិនបើខ្ញុំនឹងគាំទ្រគាត់ គាត់អាចឈ្នះបាន” ។ “ខ្ញុំក៏បានស្តារយុទ្ធនាការ របស់គាត់ផងដែរ ដែលបានធ្លាក់ចុះទាំងស្រុងនោះ” ។
គាត់បានបន្តត្អូញត្អែរថា លោក DeSantis ដែលគាត់ដាក់រហស្សនាមថា “Ron DeSanctimonious” កំពុង “លេងហ្គេម”ដោយបដិសេធ មិនបដិសេធលើការដណ្តើមយកតំណែអជាប្រធានាធិបតី ។
អតីតប្រធានាធិបតីរូបនេះត្រូវបានគេរំពឹងថា នឹងប្រកាសផែនការផ្ទាល់ខ្លួនរបស់គាត់សម្រាប់ការវិលត្រលប់មកកាន់សេតវិមានវិញភ្លាមៗនៅសប្តាហ៍ក្រោយនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា