ភ្នំពេញ៖ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានឱ្យដឹងថា បណ្តាប្រទេសក្នុងតំបន់អាស៊ាន នៅតែមានការព្រួយបារម្ភអំពីសង្គ្រាម នៅអ៊ុយក្រែន ដែលប៉ះពាល់ដល់ ការទទួលបានស្បៀងអាហារនិងថាមពល សម្រាប់ប្រទេសជាច្រើន ធ្វើឱ្យប្រទេសទាំងនោះជួបការលំបាក ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក គង់ ភោគ បានមានប្រសាសន៍ថា ពិភពលោកក៏ដូចជា អាស៊ានកំពុងតែព្រួយបារម្ភ កាន់តែខ្លាំងឡើងៗទាក់ទង់នឹង បញ្ហាសង្គ្រាមអ៊ុយក្រែន និងរុស្សី ដែលបានអូស បន្លាយអស់រយ:ពេលជាយូរខែមកហើយ ដែលសង្គ្រាមនេះបានជះឥទ្ធិពល កាន់តែខ្លាំងដល់ប្រទេសមួយ ចំនួន ដែលមានតម្រូវការស្បៀងអាហារ និងថាមពល ។
លោក បានបន្តថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ បានឱ្យដឹងថា ទោះអ៊ុយក្រែនបានចុះហត្ថលេខា លើសន្ធិសញ្ញាមិត្តភាព និង កិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តែអាស៊ាននៅតែព្រួយបារម្ភថា សង្គ្រាមនេះនឹងមានផល ប៉ះពាល់ យូរអង្វែងដល់ការផ្គត់ផ្គង់ស្បៀងអាហារ និងថាមពលដល់បណ្តាប្រទេស មួយចំនួននៅលើ ពិភពលោក ព្រោះប្រទេសអ៊ុយក្រែនគឺជា ប្រទេសដែលមានការនាំចេញច្រើន ។
លោក គង់ ភោគ បានបញ្ជាក់ថា « ចំពោះបញ្ហាអ៊ុយក្រែន កិច្ចប្រជុំបានព្រួយបារម្ភ ថាសង្គ្រាមអាចប៉ះពាល់កាន់តែខ្លាំង ដល់ការ ទទួលបានស្បៀងអាហារនិងថាមពល សម្រាប់ប្រទេសជាច្រើន ថ្នាក់ដឹកនាំអាស៊ានបានគាំទ្រ កិច្ចខិតខំ ប្រឹងប្រែងរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ក្នុងការស្វែងរកដំណោះស្រាយ ដោយសន្តិវិធី» ។
សូមបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមប្រតិបត្តិការ យោធាចូលឈ្លានពាន ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ កងកម្លាំងរុស្ស៊ី បានចូលឈ្លានពានប្រទេសអ៊ុយក្រែន ពីគោលដៅជាច្រើន ហើយគេមើលឃើញថា នេះជាការចាប់ផ្តើមនៃសង្រ្គាមនៅអឺរ៉ុប ជុំវិញការទាមទារ របស់រុស្ស៊ី ឱ្យបញ្ចប់ការពង្រីកខ្លួនរបស់អង្គការ NATO ឆ្ពោះទៅភាគខាងកើត ៕