ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវបិទបញ្ចប់ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះហើយ ។ នៅថ្ងៃនេះ មុននឹងឈានដល់ការ បិទបញ្ចប់កិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំចំនួន០២ទៀត គឺកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ និងកិច្ចប្រជុំកំពូល អាស៊ីបូព៌ាលើកទី១៧។
កិច្ចសន្ទនាអាស៊ានជាសាកល នឹងមានការយាង និងអញ្ជើញចូលរួមដោយមេដឹកនាំ កំពូលរបស់អាស៊ាន និង ប្រទេសដៃគូសន្ទនា ព្រមទាំងថ្នាក់ដឹកនាំ អង្គការសកល ជាច្រើនទៀត មានដូចអង្គការសហប្រជាជាតិ, សហភាពអឺរ៉ុប, ធនាគារអភិវឌ្ឍអាស៊ី ADB, វេទិកាសេដ្ឋកិច្ចពិភពលោក និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ជាដើម។
ដោយឡែក កិច្ចប្រជុំកំពូលអាស៊ីបូព៌ា នឹងមានការយាង និងអញ្ជើញចូលរួមពីសំណាក់មេដឹកនាំ កំពូលអាស៊ាន ជាមួយមេដឹកនាំប្រទេសចំនួន៨ ផ្សេងទៀត រួមមាន ចិន អាមេរិក រុស្ស៉ី អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងនូវែលហ្សេឡង់ ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទាំងពីរខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសបិទ បញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងប្រគល់ញញួរផ្ទេរតួនាទី ប្រធានអាស៊ាន ប្តូរវេនសម្រាប់ឆ្នាំ២០២៣ ជូនលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដើម្បីធ្វើជាប្រធាន អាស៊ានបន្តពីកម្ពុជា ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
