បរទេស៖ មេដឹកនាំបក្សប្រឆាំងបេឡារុស្ស គឺលោកស្រី Svetlana Tikhanovskaya នៅថ្ងៃច័ន្ទបាននិយាយថា ប្រទេសបេឡារុស្សស្ថិតនៅក្រោម “ការកាន់កាប់ដោយយោធា” ដោយជាក់ស្តែងដោយរុស្ស៊ី ខណៈដែលលោកស្រីរុញឱ្យ EU រក្សាសម្ពាធលើរបបលោកប្រធានាធិបតី Alexander Lukashenko ។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ទីក្រុងមូស្គូបានប្រើប្រាស់សម្ព័ន្ធមិត្តបេឡារុស្ស ជាតំបន់ចាប់ផ្តើមដ៏សំខាន់ សម្រាប់ការលុកលុយអ៊ុយក្រែនរបស់ខ្លួន ហើយកំពុងដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ ទៅកាន់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន ជាផ្នែកនៃក្រុមការងាររួមមួយ។
លោកស្រី Tikhanovskaya បានប្រាប់ AFP បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលថា “ខ្ញុំត្រូវតែនិយាយថាប្រទេសបេឡារុស្ស គឺជាការពិតនៅក្រោមការកាន់កាប់របស់យោធា” ។
លោកស្រីបាននិយាយថា លោកប្រធានាធិបតី Lukashenko មិនបាន “គ្រប់គ្រងវត្តមានរបស់កងទ័ពរុស្ស៊ី” ឬការដាក់ឧបករណ៍យោធារបស់ទីក្រុងម៉ូស្គូ នៅក្នុងប្រទេសបេឡារុស្សទេ។
បើតាមលោកស្រី Tikhanovskaya “គាត់គ្រាន់តែត្រូវយល់ព្រមជាមួយអ្វីៗគ្រប់យ៉ាង ព្រោះគាត់ដឹងថា បើគ្មានការគាំទ្រពី [ប្រធានាធិបតីរុស្ស៊ី] ពូទីនទេ គាត់នឹងមិនរស់រានមានជីវិតខាងនយោបាយ នៅក្នុងប្រទេសបេឡារុស្សនោះទេ”។
ការប្រកាសដាក់ពង្រាយរួមរបស់បេឡារុស្ស និងរុស្ស៊ីកាលពីខែមុន បានជំរុញឲ្យមានការភ័យខ្លាចថា ទីក្រុង Minsk អាចនឹងត្រៀមខ្លួនបញ្ជូនទ័ពរបស់ខ្លួន ចូលទៅក្នុងប្រទេសអ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា