អង់ការ៉ា៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Bekir Bozdag បានឲ្យដឹងថា តួកគី បានឃុំខ្លួនជនសង្ស័យចំនួន ៥០ នាក់ជុំវិញការវាយប្រហារដោយ គ្រាប់បែកដ៏សាហាវនៅកណ្តាល ទីក្រុងអ៊ីស្ដង់ប៊ុល កាលពីដើមសប្តាហ៍នេះ។
លោក Bozdag បានប្រាប់សភាថា អ្នកជាប់ឃុំរួមមានស្ត្រីជនជាតិស៊ីរីម្នាក់ ដែលត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុ សម្រាប់ការសង្ស័យថា បានទម្លាក់គ្រាប់បែកដែលបានផ្ទុះនៅលើផ្លូវ Istiklal ។
លោកបានបន្តថា “បន្ទាប់មក មនុស្សជាច្រើនដែលជួយភេរវជននេះ ហើយត្រូវបានគេចាត់ទុកថា មានទំនាក់ទំនងជាមួយភេរវករនេះក៏ត្រូវបានចាប់ឃុំខ្លួនផងដែរ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប៉ូលិសតួកគីបានឲ្យដឹងថា ស្ត្រីជនជាតិស៊ីរី បានសារភាពថា នាងបានទទួលបញ្ជាវាយប្រហារ ពីគណបក្សពលករឃឺដ (PKK) ដែលមិនស្របច្បាប់ និងការបាញ់ប្រហាររបស់ខ្លួន នៅក្នុងប្រទេសស៊ីរី ដែលជាអង្គភាពការពារប្រជាជន (YPG) ។ ដែលទាំងពីរនេះ ត្រូវបានចុះបញ្ជីជាអង្គការភេរវករ ដោយរដ្ឋាភិបាលតួកគី។
ការបំផ្ទុះកាលពីរសៀលថ្ងៃអាទិត្យ បានវាយប្រហារលើវិថីដែល មានមនុស្សកកកុញដោយបណ្តាល ឱ្យមនុស្សស្លាប់៦នាក់ និងរបួស៨១នាក់។ រដ្ឋមន្ត្រីសុខាភិបាលតួកគីលោក Fahrettin Koca បានឲ្យដឹងថា អ្នករងរបួសចំនួន ៥៨ នាក់ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ខណៈ ១៧ នាក់នៅតែកំពុងទទួលការព្យាបាល និង ៦ នាក់កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់៕
ប្រែសម្រួល ឈូក បូរ៉ា