ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ដែលទាក់ទង នឹងសេដ្ឋកិច្ចពិភពលោក ដូចជាស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ ការកាត់បន្ថយការ ប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ទើបG20 ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៩ ។ G20 គឺជាវេទិកាអន្តររដ្ឋាភិបាល ដែលមានប្រទេសចំនួន១៩ និងសហភាពអឺរ៉ុប (EU) ។ ចាប់តាំងពីឆ្នាំ២០០៨មក វេទិកាG20 បានកោះប្រជុំយ៉ាងហោចណាស់ម្តង ក្នុងមួយឆ្នាំ ជាមួយនឹងកិច្ចប្រជុំកំពូល ដែលពាក់ព័ន្ធ នឹងប្រមុខ រដ្ឋាភិបាល ឬរដ្ឋរបស់សមាជិកនីមួយៗ រដ្ឋមន្ត្រីហិរញ្ញវត្ថុ ឬរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ។
ដើម្បីចូលរួមបង្កើនកម្លាំង ដល់ឈានទៅសម្រេចបាននូវការកសាងពិភពលោក ប្រកបដោយសន្តិភាពនិងវិបុលភាព ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង ទាំង២០ បាននិងកំពុងប្រមូលផ្តុំគ្នា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលនេះជាការបង្ហាញថា ទស្សនៈដែលចិន តែងបានលើកឡើងនិង គិតគូរតាំងពីឆ្នាំ២០១៥ ស្តីពីការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ បាននិង កំពុងបង្កើន ឫទ្ធានុភាពរបស់ខ្លួន ហើយស្តែងឡើងតាមរយៈវត្តមានរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ដែលបានអញ្ជើញទៅដល់កោះបាលី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ដើម្បីសម្រេចបាននូវក្តីសុបិន និង បំណងប្រាថ្នា ដែលត្រូវបានបង្កើតឡើង ដោយមនុស្សជាតិ ជាពិសេសចាប់តាំងពីការបិទបញ្ចប់សង្គ្រាមត្រជាក់ មនុស្សជាតិបានខិតខំប្រឹងប្រែង ពង្រីកកិច្ច សហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍរួម ដោយបន្តដំណើរយ៉ាងស្វាហាប់ ឆ្ពោះទៅមុខនៅលើផ្លូវម៉ារ៉ាតុង នៃសន្តិភាពនិងការអភិវឌ្ឍ ដែលនេះជាគោលគំនិតរបស់G20 ដែលបានយល់ស្របនឹងគំរូភាព នៃសកម្មភាពជាក់ស្តែង របស់ចិន ដែលមានតាំង ពីបុរាណកាលមក ។ ក្នុងឱកាស នៃជំនួបជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន លោក Joe Biden ប្រធានាធិបតីអាមេរិក ទទួលស្គាល់ពីស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសចិន គឺសមស្របនឹងផលប្រយោជន៍របស់អាមេរិកនិងពិភពលោក។ ទាំងចិន ទាំងសហរដ្ឋអាមេរិក សុទ្ធសឹងបង្ហាញ ពីឆន្ទៈក្នុងការគ្រប់គ្រង បាននូវការខ្វែងគំនិត ដើម្បីចៀសវាងកុំឱ្យវិវឌ្ឍន៍ទៅរកការប៉ះទង្គិច និងបដិបក្ខគ្នាដោយសារការ វិនិច្ឆ័យខុសឆ្គង ឬការ ប្រកួតប្រជែងគ្នាខ្លាំង។
ដើម្បីថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ ការបើកចំហសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងបញ្ហាជាសារវន្តនានា របស់ពិភពលោកត្រូវបានផ្ទៀងផ្ទាត់ ជាមួយសកម្មភាព ជាច្រើន របស់ប្រធានរដ្ឋចិន នៅក្នុងវេទិកាG20 បានបញ្ជាក់ពីភាពស្វាហាប់ និងការទូតតាមបែបផែនចិន ក្នុងការចូលរួម ដោះស្រាយ បញ្ហាសកល និងបង្កើនកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ចំពោះបញ្ហាសកលដូចជាបញ្ហា នៃការប្រែប្រួលអាកាសធាតុ ការលុបបំបាត់ចោលឲ្យអស់ នូវរាល់គំនិតចង្អៀតចង្អល់ នៃល្បែងផលបូកស្មើសូន្យ ដែលអាចឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃជំនួបរវាងចិននិងអាមេរិក ចិននិងកូរ៉េខាងត្បូង ចិននិងហូឡង់ជាដើម ។ លើសពីនេះចិនបានបង្កើននូវ ការអភិវឌ្ឍប្រកប ដោយចីរភាពនិងការធានា ឲ្យមានការរីកចម្រើន ផ្នែកអរិយធម៌ គឺជាអ្វីដែលមនុស្សជាតិចង់បាន នោះគឺការកសាង សហគមន៍ជោគវាសនារួម នៃមនុស្សជាតិមួយ ដែលជាបេសកកម្មចម្បង សម្រាប់ G20 ខិតខំក្នុងការសម្រេច ឲ្យបាននូវការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍឈ្នះ-ឈ្នះ ហើយនេះក៏ជាទស្សនវិជ្ជា របស់ចិនក្នុងការកសាង អនាគតប្រកប ដោយបរិយាប័ន្ន ការរៀនសូត្រ ពីគ្នាទៅវិញទៅមក និងការអភិវឌ្ឍរួម នៃរង្វង់ស្មារតីនៃការស្វែង រកភាពសុខដុមរមនា បើទោះបីជាចិន យល់ស្របពីដំណើរមាគ៌ាអភិវឌ្ឍ នៃប្រទេសនីមួយៗ មិនដូចគ្នាក៏ដោយ ។
ដើម្បីសហគមន៍រួមជីវិត រវាងមនុស្សជាតិនិងធម្មជាតិ ថ្នាក់ដឹកនាំ នៃបណ្តាប្រទេសG20 បានចូលរួមដាំដើមឈើសាមគ្គី នៅក្នុងតំបន់ព្រៃកោងកាង ទុកជាអនុស្សាវរីយ៍ ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបាននិង កំពុងបង្ហាញ ពីការចូលរួមយ៉ាងសកម្មនៅក្នុងគោលគំនិត អរិយធម៌របស់ចិន ដែលតែងឲ្យតម្លៃ ទៅលើភាព សុខដុមរមនា រវាងមនុស្ស និងធម្មជាតិ ហើយគោរពធម្មជាតិ ។ គោលគំនិតនេះ ចិន បានបង្ហាញយ៉ាងច្បាស់ ចេញជារូបរាងយ៉ាង ប្រត្យក្សនៅ ក្នុងផែនការ ៥ឆ្នាំ លើកទី១៣របស់ខ្លួនមកម៉្លេះ ។ ចិនជាប្រទេស ដែលបានកសាងរួចរាល់និង ពេញលេញ នូវប្រព័ន្ធថាមពល ដែលបញ្ចេញកាបូនតិច អភិវឌ្ឍឲ្យមានអាគារបៃតង និងការដឹកជញ្ជូន ដែលបញ្ចេញកាបូនតិច ហើយកសាងទីផ្សារពាណិជ្ជកម្មឧស្ម័ន កាបូនិកដែលបានបញ្ចេញចោល នៅទូទាំងប្រទេស ដើម្បីជំរុញគំរូនៃទំនើបកម្មបែបថ្មីដែលផ្តល់នូវភាព សុខដុមរវាងមនុស្ស និងធម្មជាតិ។
ជារួម G20 ដែលកំពុងប្រឹងប្រែងក្នុងការដោះស្រាយ នូវបញ្ហាសកល គឺជាបេសកកម្មរួមរបស់មនុស្សជាតិ ដែលជាគោលគំនិតដើមរបស់ចិន ស្តីពីការកសាងសហគមន៍ ជោគវាសនារួម ។ នៅក្នុងវេទិកាG20 គ្រប់ប្រទេសទាំងអស់ ដែលបានចូលរួមនិងបណ្តា ប្រទេសទាំងអស់នៅក្នុងពិភពលោក កំពុងយកចិត្តទុកដាក់សម្លឹងមើលមកប្រទេសចិន ដែលជាការបង្ហាញ ឱ្យឃើញយ៉ាងច្បាស់ពីតួនាទី កាន់តែសកម្មនិង សំខាន់របស់ប្រទេសចិន ក្នុងការចូលរួមចំណែកដល់ការ បង្កើត យន្តការសកលប្រកប ដោយសមធម៌ និងភាពស័ក្តិសិទ្ធ ក្នុងការដោះស្រាយ បញ្ហាសកល និងការអភិវឌ្ឍសកលប្រកប ដោយចីរភាពកម្រិតខ្ពស់ និងទំនាក់ទំនងការទូតអន្តរជាតិ តាមបែបផែនចិនដែលផ្អែកលើមូលដ្ឋាន នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន