ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ផ្អាកប្រតិបត្តិការយោធា របស់អាមេរិក ជាបណ្ដោះអាសន្ន ក្នុងការអមដំណើរកប៉ាល់ឆ្លងកាត់ ច្រកសមុទ្រហ័រមូស

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្អាកប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិកជាបណ្ដោះអាសន្ន ដើម្បីអមដំណើរកប៉ាល់ ឆ្លងកាត់ច្រកសមុទ្រហ័រមូស ប៉ុន្តែបាននិយាយថា ការបិទច្រកកំពង់ផែអ៊ីរ៉ង់នឹង «នៅតែមានសុពលភាពពេញលេញ» រហូតដល់កិច្ចព្រមព្រៀង ចុងក្រោយជាមួយទីក្រុង តេហេរ៉ង់ត្រូវបានសម្រេចឡើង ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ថា ប្រតិបត្តិការ ដែលហៅថា គម្រោងសេរីភាព ត្រូវបានចាប់ផ្តើមដើម្បីនាំកប៉ាល់ដឹកប្រេង និងកប៉ាល់ពាណិជ្ជកម្មផ្សេងទៀតឆ្លងកាត់ ចំណុចស្ទះថាមពលដ៏សំខាន់ ដែលមានប្រហែល មួយភាគប្រាំនៃលំហូរប្រេងសកល។ ដោយប្រកាសបេសកកម្មនៅថ្ងៃអាទិត្យ លោក ត្រាំ បានពិពណ៌នាវាថា ជាកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ជាជាងប្រតិបត្តិការវាយលុក ។

លោក ត្រាំ បានប្រកាសភ្លាមៗនៅលើ Truth Social ពីរថ្ងៃក្រោយមកថា «ដោយផ្អែកលើសំណើរបស់ប៉ាគីស្ថាន និងប្រទេសដទៃទៀត» ក៏ដូចជា «វឌ្ឍនភាពដ៏អស្ចារ្យ» ក្នុងការចរចាជាមួយតំណាងអ៊ីរ៉ង់ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ «បានព្រមព្រៀងគ្នា» ដើម្បីផ្អាកប្រតិបត្តិការចលនាកប៉ាល់ «ក្នុងរយៈពេលខ្លី»។

ប៉ុន្មានម៉ោងមុននេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ បានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការវាយលុកដើម គឺ Epic Fury «ចប់ហើយ» ដោយបន្ថែមថា «ឥឡូវនេះយើងកំពុងបន្តគម្រោងសេរីភាពនេះ»៕
ប្រែសម្រួលៈ ណៃ តុលា

To Top