បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានអបអរសាទរ គណបក្សសាធារណៈរដ្ឋ ដែលទទួលបានសំឡេង ភាគច្រើននៅក្នុងសភា តំណាងរាស្រ្តអាមេរិក ជាលទ្ធផល នៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅថ្ងៃទី ៨ ខែវិច្ឆិកា។
យោងតាមសារ ព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Biden ដែលជាអ្នកប្រជាធិបតេយ្យ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ នៅថ្ងៃព្រហស្បតិ៍ថា ការបោះឆ្នោតកាលពីសប្តាហ៍មុន “បានបង្ហាញពីភាពរឹងមាំ និង ភាពធន់ នៃលទ្ធិប្រជាធិបតេយ្យ របស់អាមេរិក” ។ “មានការបដិសេធយ៉ាងខ្លាំង ចំពោះអ្នកបដិសេធការបោះឆ្នោត អំពើហិង្សាផ្នែកនយោបាយ និង ការបំភិតបំភ័យ”។
លោក Joe Biden បន្តថា “ខ្ញុំសូមអបអរសាទរ ចំពោះមេដឹកនាំ [Kevin] McCarthy មេដឹកនាំគណបក្សសាធារណរដ្ឋ ដែលឈ្នះសំឡេងភាគច្រើននៅក្នុងសភា។”
លោកប្រធានាធិបតីបាននិយាយថា ឥឡូវនេះ គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ គួរតែធ្វើការរួមគ្នា ដើម្បីកាត់បន្ថយការចំណាយ ការពារសិទ្ធិជ្រើសរើស និងរក្សាលទ្ធិប្រជាធិបតេយ្យរបស់យើង ៕