បរទេស៖ សមាជិកសភាមកពីគណបក្ស សាធារណរដ្ឋមួយក្រុម របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានណែនាំ ដំណោះស្រាយមួយដោយ អំពាវនាវឱ្យមានសវនកម្មលើ មូលនិធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ជំនួយដល់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា គំនិតផ្តួចផ្តើមដែលដឹកនាំ ដោយតំណាងគឺលោកស្រី Marjorie Taylor Greene និងគាំទ្រដោយសមាជិកសភាទាំងដប់រូប គ្របដណ្តប់លើជំនួយផ្នែកយោធា ស៊ីវិល និងហិរញ្ញវត្ថុទាំងអស់ដែលផ្តល់ដល់ ទីក្រុងគៀវដោយប្រធានាធិបតី Joe Biden នេះបើយោងតាម Daily Caller ។
លោកស្រី Greene បានប្រាប់អ្នកយកព័ត៌មានថា “ប្រជាជនអាមេរិក ដែលជាអ្នកជាប់ពន្ធនៃប្រទេសនេះ សមនឹងដឹងពីកន្លែងដែល ប្រាក់របស់ពួកគេត្រូវទៅ និងរបៀបដែលវាត្រូវបានចំណាយ”។ លោកស្រី Greene បានបន្ថែមថា រដ្ឋាភិបាលគួរតែទទួលខុសត្រូវ នៅពេលចំណាយប្រាក់នៅក្រៅប្រទេស។ “យើងត្រូវតែធ្វើសវនកម្មរាល់ ប្រាក់ដុល្លារអាមេរិកដែល អ្នកជាប់ពន្ធផ្ញើទៅអ៊ុយក្រែន” ។
សូមជម្រាបថា សហរដ្ឋអាមេរិកបាននឹងកំពុងផ្គត់ផ្គង់ ដល់អ៊ុយក្រែននូវសព្វាវុធធុនធ្ងន់ ដូចជាអាវុធប្រឆាំងរថក្រោះ ប្រព័ន្ធការពារមីស៊ីល និងយន្តហោះគ្មានមនុស្សបើក បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធា របស់ខ្លួននៅក្នុងរដ្ឋជិតខាង។
លោក Biden បានស្នើឱ្យសភាអនុម័តជំនួយ សន្តិសុខបន្ថែមចំនួន ៣៧,៧ ពាន់លានដុល្លារដល់ទីក្រុងគៀវ កាលពីថ្ងៃអង្គារ ដែលនឹងនាំមកនូវមូលនិធិសរុប ដែលសមស្របដល់អ៊ុយក្រែន ក្នុងរយៈពេលតិចជាងមួយឆ្នាំដល់ ១០៤ ពាន់លានដុល្លារ នេះបើយោងតាម Defence News ៕
សម្រួលៈ ណៃ តុលា