ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ គណបក្ស ចុះមូលដ្ឋានស្រុកពញាឮ បានជំរុញ ឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកពញាឮ គ្រប់ជាន់ថ្នាក់ ត្រូវលុបបំបាត់ភាពអសកម្ម ដែលធ្វើឲ្យពលរដ្ឋថ្នាំងថ្នាក់ និងត្រូវខិតខំដោះ ស្រាយកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋ ។
ថ្លែងនៅក្នុងឱកាស អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ ២០២៣ នាស្នាក់ការគណបក្សស្រុកពញាឮ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក លឹម គានហោបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំអណត្តិទី ៥ នាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងមកបានប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ឆ្លុះបញ្ចាំង និងបង្ហាញនូវការគាំទ្រ ដ៏រឹងមាំ និងការផ្តល់យុត្តិធម៌ របស់ប្រជាពលរដ្ឋ ចំពោះសច្ចភាព នៃការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា លើមូលដ្ឋាន ជ័យជម្នះដ៏ត្រចះត្រចង់ជាថ្មីទៀត ។
លោករដ្ឋមន្រ្តីបន្ថែមថា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយ និងទប់ស្កាត់បានទាន់ពេលវេលា ការរីករាលដាលនៃជំងឺកូវីដ-១៩ និងពេលថ្មីៗនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ។
លោករដ្ឋមន្រ្តី គួសបញ្ជាក់ថា «ដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ នាថ្ងៃទី ២៣ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ក្រុមការងារទាំងអស់ ត្រូវបន្តធ្វើសកម្មភាព ឥតថមថយ ប្រកបដោយប្រសិទ្ធភាពទាំងក្នុង ការអនុវត្តកម្មវិធីនយោបាយ ទាំងក្នុងការកសាង ពង្រឹងគណបក្ស ទាំងការផ្សារភ្ជាប់បម្រើប្រជាជន ហើយបន្តដោះស្រាយ និងព្យាយាមលុបបំបាត់ កាត់បន្ថយភាពអសកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ និងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះការរក្សាកំលាំងចាស់ និងពង្រីកកំលាំងថ្មី ឈាមថ្មី ដែលគ្រប់អាយុបោះឆ្នោត ដើម្បីធានា បានមូលដ្ឋានដ៏រឹងមាំ សម្រាប់ជ័យជម្នះ របស់គណបក្សប្រជាជន» ៕