ព័ត៌មានជាតិ

បច្ចុប្បន្នភ្នំពេញ មានភ្លើងស្តុប ១៦៨ទីតាំង ក្រោយដាក់ ដំណើរការភ្លើងស្តុបថ្មី មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ

ភ្នំពេញ៖ ដើម្បីសម្រួល ដល់ការធ្វើដំណើរ និងបញ្ជៀសការកកស្ទះចរាចរណ៍ ក៏ដូចរៀបចំសណ្តាប់ធ្នាប់នៅរាជធានី ភ្នំពេញឲ្យមានភាពល្អប្រសើរ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដាក់ពង្រាយ ភ្លើងស្តុប ចរាចរណ៍ ចំនួន ១៦៨ទីតាំង ក្នុងទីក្រុងភ្នំពេញ ខណៈមានការតម្លើងថ្មីមហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ ប្រសព្វផ្លូវលេខ៩២ ។   

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បានឲ្យដឹងថា គិតមកដល់ថ្ងៃទី២៤ មករា ២០២០ រាជធានី ភ្នំពេញ មានភ្លើងស្តុប ចំនួន ១៦៨ទីតាំងហើយ ខណៈដែលភ្លើងស្តុបថ្មី នៅមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ប្រសព្វផ្លូវលេខ ៩២  (ផ្លូវចូលផ្សារទំនើប អ៊ីអនម៉ល សែន សុខ) បានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី២៣ មករា ២០២០ ។

លោកក៏បានឲ្យដឹងថា នៅទីតាំងមហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ ប្រសព្វផ្លូវលេខ ៩២ ចំណុច (ផ្លូវចូលផ្សារទំនើប អ៊ីអនម៉ល សែន សុខ)នេះ ពោលគឺក្រោយពីបង្កើតឲ្យមានផ្សារទំនើប អ៊ីអនម៉ល បានធ្វើឲ្យទីតាំងនេះប្រឈមនឹង ការកកស្ទះចរាចរណ៍រាល់ថ្ងៃ ដោយមើលឃើញពីបញ្ហានេះទើប រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបំពាក់ ភ្លើងស្តុបថ្មីតែម្តង ។ 

ប្រធានមន្ទីររូបនេះ បានគូសបញ្ជាក់ថា ការដាក់ឲ្យដំណើរការ ភ្លើងស្តុបថ្មីនឹងធ្វើឲ្យតំបន់ខាងលើ លែងប្រឈមនិងការកកស្ទះចរាចរណ៍ ខ្លាំងដូចមុនទៀត។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ហើយថា ស្ថានភាព ក្នុងរាជធានីភ្នំពេញ បាននិងកំពុងកើតមានបញ្ហា ការកកស្ទះចរាចរណ៍ ដោយសារតែការកើនឡើង យ៉ាងគំហុកនូវចំនួនរថយន្តគ្រប់ប្រភេទ ។

បើគិតត្រឹមខែធ្នូ ឆ្នាំ២០១៩ស្ថិតិយានយន្តក្នុងរាជធានីភ្នំពេញ មានចំនួន ៥០៨ ១៤៣គ្រឿង និងទោចក្រយានយន្ត ចំនួន ១ ៩៦៦ ៣២២ គ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ នៅមន្ទីរសាធារណការ ។ តែនៅក្នុងចំនួននេះ មិនបានគិតនិង រាប់បញ្ចូលរថយន្ត ដែលពាក់ស្លាកលេខខ.ម ស្លាកលេខ ន.ប រឺម៉ក និង ត្រីចក្រយានយន្តឡើយ ។ 

ជាមួយកំណើននេះរដ្ឋបាលរាជធានី ក្រោមការជួយឧបត្ថមគាំទ្រ ពីទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន JICA បានធ្វើឲ្យដំណើរការជាផ្លូវការ លើការសាងសង់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ។

គួរឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញត្រូវបានចាប់ផ្តើម ដំណើរការអនុវត្តកាលពីខែមីនា ឆ្នាំ២០១៦ និងបានបញ្ចប់រួចរាល់ ជាស្ថាពរនៅក្នុងខែធ្នូ ឆ្នាំ២០១៨ ដែលមានរយៈពេល សរុប៣៥ខែ ក្នុងនោះរួមមាន៖

១-ការងារតម្លើង និងបំពាក់ភ្លើងស្តុបថ្មី នៅតាមចំណុចប្រសព្វសរុបចំនួន ១១៥ ទីតាំង។

២-ការងារបំពាក់កាម៉េរ៉ាចាប់រូបភាព និងវិភាគទិន្នន័យយានយន្តឆ្លងកាត់ ចំនួន១៩៤គ្រឿង ។ ៣-ការងារបំពាក់កាម៉េរ៉ាសុវត្ថិភាព CCTV ចំនួន២៦គ្រឿង សម្រាប់ត្រតពិនិត្យតាមដាន ស្ថានភាពចរាចរណ៍ នៅតាមបណ្តា ចំណុចផ្លូវប្រសព្វសំខាន់ៗ ក្នុងរាជធានីភ្នំពេញ។

៤-ការងារសាងសង់មជ្ឈមណ្ឌល គ្រប់គ្រងប្រព័ន្ធចរាចរណ៍ ចំនួនមួយកន្លែងនៅក្នុងបរិវេណ រដ្ឋបាលរាជធានីភ្នំពេញ នៅជាន់ទី៩នៃអគារសាងសង់ថ្មី ។

៥-ផ្តល់នូវវគ្គបណ្តុះបណ្តាលសំខាន់ៗ ដល់មន្ត្រីបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចមន្ត្រីបច្ចេកទេសនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្ទេរចំណេះដឹង និងលើកកម្ពស់សមត្ថភាពគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធបញ្ជាភ្លើងសញ្ញាចរាចរណ៍ផងដែរ ។គម្រោង នេះបានដាក់ឲ្យដំណើរការ ជាបណ្តោះអាសន្នតាំងពីខែធ្នូ ឆ្នាំ២០១៨ ៕ ដោយ៖ ដារាត់

To Top