វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសនៃ បណ្តាប្រទេសឧស្សាហកម្មធំៗចំនួន៧ បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ គួរតែអនុវត្ត “វិធានការសំខាន់ៗ” បន្ទាប់ពីការបាញ់បង្ហោះ មីស៊ីលអន្តរទ្វីបចុងក្រោយបង្អស់ ដោយប្រទេសកូរ៉េខាងជើង។
តាមសំណើរបស់សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខគ្រោងនឹង ពិភាក្សាជាមួយកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃចន្ទនេះ បន្ទាប់ពីការធ្វើតេស្តមីស៊ីលចុងក្រោយ បង្អស់បានបាញ់នៅឆ្នាំនេះ។
រដ្ឋមន្ត្រីនៃសហរដ្ឋអាមេរិក ជប៉ុន កាណាដា អាល្លឺម៉ង់ អង់គ្លេស បារាំង និងអ៊ីតាលី បានឲ្យដឹងថា សកម្មភាពរបស់កូរ៉េខាងជើង ទាមទារឱ្យមានការឆ្លើយតបដោយរួបរួម និងរឹងមាំពីសហគមន៍អន្តរជាតិ។
នៅក្នុងការធ្វើតេស្ដមីស៊ីលចុងក្រោយនេះ ជប៉ុនបានឲ្យដឹងថា មីស៊ីលរបស់កូរ៉េខាងជើង អាចបាញ់ដល់អាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
ក្រុងព្យុងយ៉ាងកាលពីថ្ងៃសុក្រ បានសាកល្បងមីស៊ីលផ្លោង ដែលមានសមត្ថភាពបាញ់ដល់ ដីគោកអាមេរិកភ្លាមៗបន្ទាប់ពីបានព្រមានអំពី “ការឆ្លើយតបខាងយោធាដ៏កាចសាហាវ” ដល់ក្រុងវ៉ាស៊ីនតោនដែលបង្កើនវត្តមាន សន្តិសុខរបស់ខ្លួនក្នុងតំបន់។
ក្រុមប្រទេស G7 បានឲ្យដឹងថា ការធ្វើតេស្តកាលពីថ្ងៃសុក្រគឺជា “ទង្វើដែលមិនប្រុងប្រយ័ត្ន” និង “ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ” ផ្សេងទៀតនៃដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ៕
ប្រែសម្រួល ឈូក បូរ៉ា