ព័ត៌មានអន្តរជាតិ

មេដឹកនាំសេដ្ឋកិច្ចរបស់ APEC សន្យាជំរុញការអភិវឌ្ឍន៍ ប្រកបដោយចីរភាពជាមួយនឹង ការអនុម័តគោលដៅ ទីក្រុងបាងកក

បាងកក៖ មេដឹកនាំនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) បានបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំ បន្ទាប់ពីបានចេញសេចក្តីប្រកាស និងអនុម័តឯកសារលទ្ធផល ស្តីពីគំរូសេដ្ឋកិច្ច Bio-Circular-Green (BCG) របស់ទីក្រុងបាងកក។

ដោយហៅកិច្ចប្រជុំនៅទីក្រុងបាងកកថា ជាជោគជ័យរួមគ្នា ក្នុងចំណោមសមាជិក APEC ទាំងអស់នោះ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានប្រាប់សន្និសីទសារព័ត៌មានថា APEC ត្រូវតែធ្វើការដើម្បីជំរុញភាពធន់ និងធានាឱ្យមានកំណើន ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។

សេចក្តីប្រកាសដែលបាន អនុម័តបន្ទាប់ពីកិច្ចប្រជុំកំពូលសេដ្ឋកិច្ច APEC រយៈពេលពីរថ្ងៃបានអះអាង នូវការប្តេជ្ញាចិត្តយូរអង្វែងរបស់មេដឹកនាំ APEC ក្នុងការលើកកម្ពស់កំណើនរឹងមាំ តុល្យភាព សន្តិសុខ និរន្តរភាព និងរួមបញ្ចូល ព្រមទាំងការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការសម្រេចបាននូវចក្ខុវិស័យ APEC Putrajaya បើកចំហ សហគមន៍អាស៊ីប៉ាស៊ីហ្វិក ថាមវន្ត ធន់ និងសន្តិភាពនៅឆ្នាំ២០៤០ ។

គោលដៅទីក្រុងបាងកកស្តីពីសេដ្ឋកិច្ច BCG ដែលគ្របដណ្តប់លើការកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ ពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយនិរន្តរភាព ការអភិរក្សបរិស្ថាន និងការគ្រប់គ្រងកាកសំណល់ គឺជាក្របខ័ណ្ឌដ៏ទូលំទូលាយមួយ ដើម្បីបន្តគោលដៅនិរន្តរភាពរបស់ APEC ។

គួរបញ្ជាក់ថា កិច្ចប្រជុំឆ្នាំនេះ គឺជាជំនួបផ្ទាល់លើកដំបូង របស់មេដឹកនាំសេដ្ឋកិច្ច APEC ចាប់តាំងពីឆ្នាំ២០១៨ មក ដែលត្រូវបានរៀបចំឡើងក្រោមប្រធានបទ “បើកចំហ តភ្ជាប់ តុល្យភាព” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top