អង់ការ៉ា៖ ក្រសួងការពារជាតិតួកគី បានឲ្យដឹងថាតួកគី បានធ្វើប្រតិបត្តិការតាមផ្លូវអាកាស កាលពីព្រឹកថ្ងៃអាទិត្យ ប្រឆាំងនឹងអង្គភាពការពារប្រជាជនឃឺដ (YPG) នៅភាគខាងជើងប្រទេសស៊ីរី និងគណបក្សពលករឃឺដ (PKK) ខុសច្បាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ជា លាយលក្ខណ៍អក្សរថា ប្រតិបត្តិការផ្លូវអាកាស “Claw-Sword” ត្រូវបានធ្វើឡើងនៅក្នុងតំបន់ ដែលប្រើជាមូលដ្ឋាន ដើម្បីវាយប្រហារតួកគី និងក្នុងការការពារខ្លួនស្របតាមមាត្រាទី៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្រសួងបានឲ្យដឹងទៀត នៅក្នុងធ្វីតធ្វីតមុននេះថា “ដល់ពេលដែលត្រូវគិតគូរហើយ! អ្នកបោកប្រាស់កំពុងត្រូវទទួលខុសត្រូវ ចំពោះការវាយប្រហារក្បត់ជាតិ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រតិបត្តិការនេះបានកើតឡើង បន្ទាប់ពីការវាយប្រហារដ៏សាហាវ កាលពីថ្ងៃអាទិត្យក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់និងបានធ្វើឱ្យមនុស្សចំនួន ៨១ នាក់រងរបួស។
ប៉ូលិសតួកគីបានឲ្យដឹងថា ពួកគេបានឃាត់ខ្លួនស្ត្រីជនជាតិស៊ីរីម្នាក់ឈ្មោះ Ahlam Albashir ដែលបានសារភាពថា បានទទួលបញ្ជាវាយប្រហារពី YPG ។ ទីក្រុងអង់ការ៉ា មើលឃើញថា YPG ជាសាខាស៊ីរីរបស់ PKK ។
គួរបញ្ជាក់ថា PKK ដែលត្រូវបានចុះបញ្ជី ជាអង្គការភេរវករដោយតួកគី សហរដ្ឋអាមេរិក និងអឺរ៉ុប បានបះបោរប្រឆាំងនឹង រដ្ឋាភិបាលតួកគីអស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ ដោយបានឆក់យកជីវិតមនុស្សជាង ៤០០០០ នាក់៕
ប្រែសម្រួល ឈូក បូរ៉ា