ព័ត៌មានជាតិ

សម្ដេចតេជោ ៖ សង្រ្គាម១៨ឆ្នាំ ធ្វើឱ្យកម្ពុជា ដោះមីន៣០ឆ្នាំ មិនអស់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការបង្កសង្គ្រាម ចាប់តាំងពី ទសវត្សរ៍ឆ្នាំ៧០ រហូតរដល់របបប្រល័យពូជសាសន៍ ប៉ុល ពត រយៈពេល១៨ឆ្នាំ បានបន្សល់ទុកគ្រាប់មីន ជាច្រើន ដែលដោះ៣០ឆ្នាំមកហើយ នៅតែមិនទាន់អស់។

ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា រយៈពេល៣០ឆ្នាំ មិនមែនជារឿងលេងសើចនោះទេ ក្នុងការដោះមីននៅកម្ពុជា នៅតែដោះមិនទាន់អស់។

សម្ដេចតេជោ គូសបញ្ជាក់ថា «សង្គ្រាមកើតឡើងនៅក្នុងប្រទេសកម្ពុជា ពីឆ្នាំ៧០-៧៥ បន្ទាប់ពីរបបប្រល័យពូជសាសន៍ យើងអាចនិយាយថា១៨ឆ្នាំ នៃការកើតសង្គ្រាម … ទើបមករលត់ក្នុងឆ្នាំ១៩៧៨ ប៉ុន្តែគ្រាប់មីនយើងដោះ៣០ឆ្នាំហើយ ដោះមិនទាន់អស់»។

ជាមួយគ្នាសម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យធ្វើយ៉ាងណា បញ្ចៀសសង្រ្គាម កុំឱ្យកើតមាននៅលើទឹកដីកម្ពុជា ម្ដងទៀតទើបជាជំរើសល្អ។

សម្ដេចតេជោ សង្កត់ធ្ងន់ថា « ឱ្យតែមានសង្គ្រាម ភាគីម្ខាងៗ ដឹងតែរកវិធីកំចាត់​ សម្លាប់គ្នា ទោះបីមានអនុសញ្ញាហាមឃាត់ការប្រើប្រាស់ គ្រាប់មីនប្រឆាំងមនុស្សយ៉ាងណាក្ដី ​ក៏នៅតែមានប្រើ រហូតដល់មានការកែច្នៃ គ្រាប់នេះគ្រាប់នោះ ធ្វើម៉េចសម្លាប់គ្នា ឱ្យបានច្រើន»។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការនិងគោលដៅ បោសសម្អាតមីន ឱ្យអស់ពីលើទឹកដីកម្ពុជា នៅត្រឹមឆ្នាំ ២០២៥ ខាងមុខ៕

To Top