ព័ត៌មានអន្តរជាតិ

Update៖ ក្រុមអ្នកជួយសង្គ្រោះ នឹងកំពុងបន្តស្វែងរកជនរងគ្រោះជាច្រើនទៀត ក្រោយពីគ្រោះរញ្ជួយដីកើតឡើងនៅ ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃអង្គារនេះក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ី បាននឹងកំពុងស្វិតស្វាញបំផុត ដើម្បីទៅដល់មនុស្សដែលនៅតែជាប់ក្នុងគំនរបាក់បែក ១ថ្ងៃបន្ទាប់ពីមានការរញ្ជួយដីបានបំផ្លិចបំផ្លាញទីក្រុង West Java ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៦២នាក់ និងរាប់រយនាក់ទៀតរងរបួស ខណៈដែលមន្ត្រីបានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត ។


ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីកម្រិត៥,៦រ៉ិចទ័របានវាយប្រហារលើដីនៅជិតទីក្រុង Cianjur ក្នុងតំបន់ភ្នំនៃខេត្តដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី ។ គ្រោះរញ្ជួយនៅរសៀលថ្ងៃចន្ទបានធ្វើឱ្យអ្នកស្រុកភ័យស្លន់ស្លោរត់ចេញតាមដងផ្លូវ ខណៈដែលអគារបានដួលរលំ ។

ពេញមួយយប់ ចំណតរថយន្តមន្ទីរពេទ្យនៅក្រុង Cianjur ត្រូវបានពោរពេញដោយជនរងគ្រោះ ខ្លះត្រូវបានព្យាបាលនៅក្នុងតង់បណ្តោះអាសន្ន ខ្លះទៀតបានជាប់ដាក់សេរ៉ូមនៅលើចិញ្ចើមផ្លូវ ខណៈដែលបុគ្គលិកពេទ្យបានដេររបួសអ្នកជំងឺនៅក្រោមពន្លឺភ្លើង ។

នារីម្នាក់ ឈ្មោះ Cucu អាយុ៤៨ឆ្នាំជាអ្នកស្រុកបានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters ពីកន្លែងចតរថយន្តមន្ទីរពេទ្យដែលមានមនុស្សកកកុញថា “អ្វីគ្រប់យ៉ាងបានដួលរលំនៅក្រោមខ្ញុំ ហើយខ្ញុំប៉ះបាននឹងកុមារម្នាក់នេះ” ។

នាងបាននិយាយទាំងទឹកភ្នែកថា “កូនរបស់ខ្ញុំ២នាក់បានរួចជីវិត ខ្ញុំបានជីកកកាយយកពួកគេចេញ…” ។

លោក Dedi Prasetyo អ្នកនាំពាក្យប៉ូលិសជាតិ បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មានរដ្ឋ Antara នៅព្រឹកថ្ងៃអង្គារនេះថា មន្ត្រីប៉ូលិសរាប់រយនាក់ត្រូវបានដាក់ពង្រាយដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top