ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តម្កល់ទោស អតីតមន្ត្រី និង សកម្មជន នៃអតីត គណបក្សសង្គ្រោះជាតិ៧នាក់ ដាក់គុកក្នុងម្នាក់ៗ ពី ១៨ ខែ ទៅ ៣ ឆ្នាំ ពាក់ព័ន្ធនឹងការប្រមាថ ចំពោះអង្គព្រះមហាក្សត្រ និង ញុះញុងបង្កឲ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពី ពីព្រឹកថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា តម្កល់ ជនជាប់ចោទចំនួន៧ នាក់ដែលជាអតីតមន្ត្រី និង អ្នកគាំទ្រប្តូរផ្តាច់ នៃ អតីតគណបក្សសង្គ្រោះជាតិ ជាប់គុក ក្នុងម្នាក់ៗ កំណត់ពី ១៨ខែ រហូតដល់ ៣ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ និង ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ក្នុងចេតនា ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈហ្វេសប៊ុក (Facebook ) ប្រព្រឹត្ត នៅក្នុងប្រទេសកម្ពុជា កាលពី ឆ្នាំ ២០១៩ ដល់ ឆ្នាំ ២០២១ ។

យោងតាមឯកសាររបស់ តុលាការ បានឱ្យដឹងថា ជនជាប់ចោទទាំង៧នាក់ ខាងលើនេះ មានឈ្មោះ ទី១- ឈ្មោះ ឡុង រី, ទី២-ម៉ែន សុថាវរិន្ទ ,ទី៣-ឈ្មោះ ម៉ន ផល្លា, ទី៤- ឈ្មោះ ម៉ោញ សារ៉ាត់, ទី៥-ឈ្មោះ គឹម តុលា, ទី៦-ឈ្មោះ ឡាញ់ ថាវរី, និង ទី៧-ឈ្មោះ ម៉ិច ហ៊ាង។

នៅក្នុងចំណោមជនជាប់ចោទទាំង៧នាក់ មានឈ្មោះ ឡុង រី, ឈ្មោះម៉ែន សុថាវរិន្ទ ,ឈ្មោះម៉ន ផល្លា, ឈ្មោះម៉ោញ សារ៉ាត់, -គឹម តុលា, និង ឈ្មោះ ឡាញ់ ថាវរី ត្រូវបានតុលាការ សម្រេច ផ្តន្ទាទោស ដាក់គុក ក្នុងម្នាក់ៗ កំណត់ ១៨ ខែ ក្រោមការចោទប្រកាន់ពីបទ: « ញុះញង់បង្ក ឲ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ចំណែកឯ ជនជាប់ចោទ ឈ្មោះ ម៉ិច ហ៊ាង ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ត្រូវផ្ដន្ទាទោស ដាក់គុក កំណត់ ៣ ឆ្នាំ ក្រោមការចោទប្រកាន់ចំនួន២បទល្មើស គឺ: «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និង ញុះញុងបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងចំណោមពួកគេទាំង៧នាក់ , ជនជាប់ចោទឈ្មោះ ម៉ិច ហ៊ាង រស់នៅ ភូមិទួលខ្សាច់ ឃុំ ទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ឈ្មោះ ឡាញ់ ថាវរី ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅ ភូមិប្រឡាយហ្លួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង ឈ្មោះ កឹម តុលា ត្រូវបានចាប់ឃាត់ និង ត្រូវបានឃុំខ្លួន នៅក្នុង ពន្ធនាគារ។

ចំណែក ឯជនជាប់ចោទ៥នាក់ទៀត ដូចមានខាងលើ ត្រូវបានរត់គេចខ្លួន។

គួររំលឹកថានាពេលសវនាការ ជនជាប់ចោទ ឈ្មោះ ឡាញ់ ថាវរី ដែលជាអតីត មេឃុំឬស្សីក្រោក មកពីកូតា អតីត គណបក្សសង្គ្រោះជាតិ ( CNRP ) បានឆ្លើយសារភាព កំហុស ក៏ប៉ុន្តែ នាងបានអះអាងថា: សារ និង ខ្លឹមសារ ដែលខ្លួនបានសរសេរ ផុស និង ផ្សាយ នៅលើហ្វេសប៊ុកនោះ គឺ គ្រាន់តែជាការ បញ្ចេញមតិ យោបល់ និង ការរិះគន់ ដើម្បីស្ថាបនាតែប៉ុណ្ណោះ។ និង មានចេតនា ដើម្បីប្រឆាំង ឬ ញ៉ុះញ៉ុងមហាជន ផ្តួលរំលំរដ្ឋាភិបាល ដូចការចោទប្រកាន់នោះឡើយ។

ឈ្មោះ ថាវរី សុំឱ្យលោកចៅក្រមជំនុំជម្រះ សម្រេចលើកការចោទប្រកាន់ និង ដោះលែងខ្លួន អោយមានសេរីភាពវិញ។

ចំណែកឯ ជនជាប់ចោទ ឈ្មោះ ម៉ិច ហ៊ាង ក៏បានទទួលស្គាល់នូវ ខ្លឹមសារដែលខ្លួនបានសរសេរ និង ផុសផ្សាយ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ផងដែរ ក៏ប៉ុន្តែគាត់បានអះអាងថា: នោះគឺ ជាបញ្ចេញ យោបល់ផ្ទាល់ខ្លួន ក្នុងការរិះគន់ ព្រះមហាក្សត្រខ្មែរ និង ក៏ជាសិទ្ធិសេរីភាព នៃ ការបញ្ចេញមតិ របស់ប្រជាពលរដ្ឋខ្មែរម្នាក់ៗ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា ។

ឈ្មោះម៉ិច ហ៊ាង បានស្នើរសុំឱ្យលោកចៅក្រមជំនុំជម្រះ សម្រេចលើកការចោទប្រកាន់ និង ដោះលែង ខ្លួន អោយមានសេរីភាពវិញ៕

ដោយ: លីហ្សា

To Top