ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននៅកម្ពុជា៖ មន្ត្រីចិន ហៅជំនួបទល់មុខប្រហែល៩០នាទី ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកថា ជាកិច្ចប្រជុំវិជ្ជមាន

សៀមរាប៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជំរុញឱ្យប្រទេសចិន ជៀសវាង “សកម្មភាពអស្ថិរភាព” ឆ្ពោះទៅរកកោះតៃវ៉ាន់ នៅក្នុងជំនួបទល់មុខគ្នាជាលើកដំបូងជាមួយរដ្ឋមន្ត្រីការពារជាតិចិន គឺលោក Wei Fenghe ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាលោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិក្នុងខែសីហា។

យោងតាមសារព័ត៌មាន The Traits Times ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងកិច្ចពិភាក្សានៅថ្ងៃអង្គារនៅខេត្តសៀមរាប ប្រទេសកម្ពុជា នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ប្រធានមន្ទីរញ្ចកោណអាមេរិក គឺលោក Lloyd Austin បានអំពាវនាវឱ្យភាគីទាំងពីររក្សាទំនាក់ទំនងបើកចំហរ និងបានព្រមានអំពី “អាកប្បកិរិយាដ៏គ្រោះថ្នាក់កាន់តែខ្លាំង” របស់យន្តហោះយោធាចិននៅក្នុង តំបន់ឥណ្ឌូប៉ាស៊ីហ្វិក, នេះបើយោងតាមសេចក្តីថ្លែងការណ៍ និងការសង្ខេបដោយមន្ត្រីអាមេរិកបន្ទាប់ពីកិច្ចចរចាបានបញ្ចប់។

មន្ត្រីចិនបានហៅកិច្ចប្រជុំប្រហែល ៩០នាទី ជាកិច្ចប្រជុំវិជ្ជមាន ហើយបាននិយាយថា ពួកគេបានយល់ព្រមលើតម្រូវការក្នុងការពង្រឹងការគ្រប់គ្រងវិបត្តិ ប៉ុន្តែដាក់ការស្តីបន្ទោសចំពោះសហរដ្ឋអាមេរិកផងដែរ ចំពោះការធ្វើឱ្យទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក Tan Kefei បានប្រាប់អ្នកយកព័ត៌មាននៅកម្ពុជាថា “ការទទួលខុសត្រូវនៃស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងចិន-អាមេរិក មិនស្ថិតនៅជាមួយប្រទេសចិនទេ មូលហេតុចម្បងគឺដោយសារសហរដ្ឋអាមេរិកបានធ្វើការវិនិច្ឆ័យខុស។ លោកបាននិយាយថា សហរដ្ឋអាមេរិកគួរតែ “ប្រកាន់យកគោលនយោបាយចិនដែលសមហេតុផល និងជាក់ស្តែង ដើម្បីលុបបំបាត់មូលហេតុពិតប្រាកដនៃវិបត្តិ”។

ជំនួបនេះគឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតក្នុងការដាក់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ឱ្យឈរលើមូលដ្ឋានស្ថិរភាពបន្ថែមទៀត បន្ទាប់ពីកិច្ចពិភាក្សាផ្ទាល់លើកដំបូងរវាងប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden កាលពីសប្តាហ៍មុននៅប្រទេសឥណ្ឌូនេស៊ី។

ខណៈពេលដែលភាគីទាំងពីរមិនបានដោះស្រាយភាពខ្វែងគំនិតគ្នាយ៉ាងស៊ីជម្រៅលើកោះតៃវ៉ាន់ សិទ្ធិមនុស្ស ការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការនាំចេញបច្ចេកវិទ្យា ឬបញ្ហាផ្សេងទៀត អាមេរិក និងចិន បានស្វែងរកការស្តារឡើងវិញនូវទំនាក់ទំនងជាមូលដ្ឋានដែលនឹងការពារគ្រោះថ្នាក់ ឬការខ្វែងគំនិតគ្នាពីការវិលចេញពីការគ្រប់គ្រង៕ប្រែសម្រួលៈ ណៃ តុលា

To Top