ភ្នំពេញ៖ នៅចំពោះមុខ រដ្ឋមន្ត្រីការពារជាតិ មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និង ប្រទេសដៃគូអាស៊ានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានប្រកាសថា កម្ពុជា ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម ឥណ្ឌូ-ប៉ាស៊ីហ្វិកដរាបណាគំនិតផ្តួចផ្ដើមទាំងនេះ មិនត្រូវបានប្រើប្រាស់ ដើម្បីប្រឆាំងប្រទេសណាមួយ នោះទេ។
ថ្លែងចេញពីទឹកដីនៃខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទស្សនវិស័យអាស៊ាន ស្តីពី ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាយានដ៏សំខាន់មួយ ដើម្បីសម្រេច បាននូវនិម្មាបនកម្ម សន្តិសុខ តំបន់ ។
សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា «យើងសូមស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើម ឥណ្ឌូ-ប៉ាស៊ីហ្វិក ទាំងអស់ ដរាបណាគំនិតផ្តួចផ្ដើមទាំងនេះ ជំរុញឱ្យមានសន្តិភាព និង ការអភិវឌ្ឍ, មិនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងប្រទេសណាមួយ និង ស្របតាមមជ្ឈភាពអាស៊ាន និង ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក »។
សូមរំលឹកថា «ឥណ្ឌូប៉ាស៊ីហ្វិក” គឺជាពាក្យដែលគេតែងតែឮជាញឹកញាប់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ប្រើដោយបណ្តាប្រមុខដឹកនាំ ប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលី និង ឥណ្ឌា ជាដើម។
“ឥណ្ឌូប៉ាស៊ីហ្វិក” សំដៅទៅលើតំបន់ ដែលលាតសន្ធឹងរវាងមហាសមុទ្រពីរ គឺចាប់ពីមហាសមុទ្រឥណ្ឌា ទៅដល់មហាសមុទ្រប៉ាស៊ីហ្វិក។ ក៏ប៉ុន្តែ ជាទូទៅ ពាក្យនេះត្រូវបានគេប្រើ មិនមែនដើម្បីសំដៅត្រឹមតែ ទៅលើទីតាំងភូមិសាស្រ្តនោះទេ តែជាពាក្យដែលមានអត្ថន័យទាក់ទងនឹងភូមិសាស្រ្តនយោបាយ។
“ឥណ្ឌូប៉ាស៊ីហ្វិក” នេះ ត្រូវបានសហរដ្ឋអាមេរិក កំណត់ជាយុទ្ធសាស្រ្តជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ តាមរយៈសុន្ទរកថា របស់លោកដូណាល់ ត្រាំ នៅដាណាង ប្រទេសវៀតណាម ក្នុងឱកាសជំនួបកំពូល នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC។ នៅពេលនោះ លោកដូណាល់ ត្រាំ បានហៅយុទ្ធសាស្រ្តថ្មីនេះថាជាយុទ្ធសាស្រ្ត “ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ” (Free and Open Indo-Pacific) ។
បើតាមអ្នកវិភាគ បានមើលឃើញថា ការដាក់ចេញនូវ យុទ្ធសាស្រ្ត “ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរីនិងបើកចំហ” (Free and Open Indo-Pacific) នេះ គឺសម្រាប់ទប់ទល់ទៅនឹងឥទ្ធិពលនៃការងើបឡើង យ៉ាងខ្លាំងក្លា របស់មហាយក្សចិន (ផ្លូវមួយខ្សែក្រវ៉ាត់មួយ BRI) ទាំងក្នុងតំបន់និងពិភពលោក៕