ព័ត៌មានជាតិ

CCJ សហការជាមួយ TEDP រៀបចំសិក្ខាសាលាស្តីអំពី “ឥទ្ធិពល​ភាព​ជា​អ្នកដឹកនាំដោយប្រើ D.I.S.C”

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) សហការជាមួយក្រុមហ៊ុន TEDP នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាស្តីអំពី “ឥទ្ធិពល​ភាព​ជា​អ្នកដឹកនាំដោយប្រើ D.I.S.C” ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់សមត្ថិភាពប្រសិទ្ធភាពក្នុងការដឹកនាំសំខាន់ការអភិវឌ្ឍខ្លួនឲ្យក្លាយជាបុគ្គល ដែល​ប្រកប​​ដោយ​ភាពមានឥទ្ធិពល និង​បង្កើន​ទំនាក់ទំនង​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​អាជីព​ការដឹកនាំនិងយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្ស។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីលោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងលោកស្រី យូ បូរី គ្រូបណ្តុះបណ្តាល និងស្ថាបនិក TEDP ព្រមទាំងនាយកព័ត៌មាន, និពន្ធនាយក, និពន្ធនាយករង, ប្រធានព័ត៌មាន, អ្នកសារព័ត៌មាន, មកពីស្ថាប័នផ្សេងៗគ្នាជាង៣០ស្ថាប័ន

លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា សិក្ខាសាលា​នេះ​នឹង​ជួយ​អ្នក​សារព័ត៌មាន​បាន​ស្វែង​យល់​ដឹង​បន្ថែម ​អំពីភាព​ចាំបាច់​ដែលត្រូវធ្វើការឲ្យមានភាពស៊ីសង្វាក់គ្នា និងមាន​ភាព​ល្អប្រសើរ​ជាមួយ​មនុស្ស​គ្រប់ប្រភេទ និងគ្រប់ស្រទាប់​ខណៈដែល​អ្នក​សារព័ត៌មាន ត្រូវធ្វើបទ​សម្ភាសន៍​ជាមួយនិងថ្នាក់ដឹកនាំ ក៏ដូចជាសាធារណជនទូទៅ ជាពិសេសការគ្រប់គ្រងធនធានមនុស្សជាដើម។

លោកស្រី យូ បូរី បានលើកឡើងថា សមាជិកក្លិបអ្នកកាសែតទាំងអស់តែងតែ ធ្វើការងារជាមួយមនុស្សគ្រប់ប្រភេទ ជាពិសេសជាមួយក្រុមការងារ និងការធ្វើបទសម្ភាសន៍ជាមួយនឹងថ្នាក់ដឹកនាំ ក៏ដូចជាធ្វើការជាមួយសាធារណៈជនទូទៅ ដូច្នេះហើយពួកគាត់មានភាពចាំបាច់ណាស់ដែលត្រូវធ្វើការឲ្យមានភាពស៊ីសង្វាក់គ្នា និងមានភាពល្អប្រសើរទៅជាមួយមនុស្សគ្រប់ប្រភេទ និងមនុស្សគ្រប់ស្រទាប់ទាំងអស់ ។

លោកស្រីបន្តថា នេះជាឱកាសមួយដើម្បីជួយដល់ការលើកកម្ពស់ក្នុងការអភិវឌ្ឍន៍សមត្ថភាព និងផ្តល់នូវចំណេះដឹងក៏ដូចជាផ្តល់នូវបទពិសោធន៍ថ្មីៗ ខាងផ្នែកធនធានមនុស្ស ដែលអ្នកកាសែតគួរតែយល់ដឹង នូវចំណេះដឹងក្នុងការធ្វើការជាមួយមនុស្ស និងជាការលើកទឹកចិត្តដល់ក្លិបអ្នកកាសែត ទាំងអស់ដែលខិតខំប្រឹងប្រែងពង្រឹង នូវអាជីពរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង។

លោកស្រី យូ បូរី គ្រូបណ្តុះបណ្តាល និងស្ថាបនិក TEDP សង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់វគ្គនេះនឹងអាចជួយសម្រួលដល់បងប្អូនសមាជិកក្លិបអ្នកសែតទាំងអស់ក្នុងការយកទៅប្រើប្រាស់ជាប្រយោជន៍ សម្រាប់ការអនុវត្តប្រចាំថ្ងៃ ក្នុងក្រុមគ្រួសារក្តី ក្នុងការងារក្តី និងជាមួយមនុស្សជុំវិញខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

សូមជម្រាបថា ប្រព័ន្ធសិក្សាអាកប្បកិរិយារបស់មនុស្សតាម D.I.S.C ត្រូវបានប្រើប្រាស់ជាសកលក្នុងការបង្កើនទំនាក់ទំនង ឲ្យមានប្រសិទ្ធភាពក្នុងអាជីព បង្កើនប្រសិទ្ធភាពក្នុងការដឹកនាំ ជាពិសេសសម្រាប់អភិវឌ្ឍន៍ខ្លួនឋ​ឲ្យក្លាយជាបុគ្គលដែលប្រកបដោយភាពមានឥទ្ធិពល។ ដោយយល់ឃើញអំពីសារៈសំខាន់នៃការប្រើប្រាស់ D.I.S.C ក្នុងជីវភាពប្រចាំថ្ងៃ ក្រុមហ៊ុន TEDP ជាក្រុមហ៊ុនដែលឈានមុខគេក្នុងការរៀបចំ KPI និងយុទ្ធសាស្រ្តគ្រប់គ្រងធនធានមនុស្ស ដែលបាននាំយកនូវឯកទេសសិក្សាអាកប្បកិរិយាមនុស្ស តាមប្រព័ន្ធ D.I.S.C នេះមកចែករំលែកដើម្បីផ្តល់ជាគុណតម្លៃដល់ធនធានមនុស្ស របស់ប្រទេសកម្ពុជា ជារួម៕

To Top