ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយ​គ្រោះរញ្ជួយ​ដី​ នៅ​ឥណ្ឌូណេស៊ី កើន​ឡើងដល់ជិត ២៧០នាក់ ខណៈ​អ្នក​ជួយ​សង្គ្រោះ ១៤០០០​នាក់​ ទីតាំងកើតហេតុ

ហ្សាកាតា៖ ទាហាន និងប៉ូលីសចំនួន ១៤០០០ នាក់បានទៅដល់តំបន់ Cianjur របស់ឥណ្ឌូនេស៊ី នៅជិតទីក្រុង West Java ដែលរងគ្រោះ ដោយការរញ្ជួយដីកម្រិត ៥,៦ រ៉ិចទ័រ កាលពីថ្ងៃច័ន្ទ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦៨នាក់ ។

ក្រុមអ្នកជួយសង្គ្រោះ បាន​និងកំពុងមមាញឹកលើកម្ទេច​កម្ទី​គំនរបាក់បែក ជាមួយនឹងប៉ែលគ្រប់ដៃ ដើម្បី​ស្វែង​រក​អ្នក​រួច​រស់​ជីវិត​ ដែល​កប់​ក្នុង​គំនរ​បាក់បែក និង​ការ​បាក់​ដី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

ជាមួយនឹងលទ្ធភាព នៃការរកឃើញមនុស្សនៅមានជីវិតថយចុះជារៀងរាល់ម៉ោង ក្រុមអ្នកជួយសង្គ្រោះក៏បានប្រើដៃទទេរបស់ពួកគេ ដើម្បីទាញថ្ម និងដីកខ្វក់ចេញ ខណៈព្យាយាមស្វែងរកជនរងគ្រោះ។

ផ្លូវជនបទដែលមានគុណភាពខ្សោយ ភ្លៀងមូសុងខ្លាំង និងការខូចខាតផ្លូវថ្នល់រឹង រួមទាំងស្នាមប្រេះ និងបាក់ស្រុតផងដែរ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះខាងលើនេះ។

គួរបញ្ជាក់ថា ចំនួនអ្នករបួសបានកើនឡើង ដល់យ៉ាងហោចណាស់ ១០០០ នាក់ ហើយមនុស្សជាច្រើន នៅតែកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យតង់ជាបណ្តោះអាសន្ន៕ 

ប្រែសម្រួល ឈូក បូរ៉ា

To Top