ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជំហរប្រាប់តំណាងរាស្ត្រ សហរដ្ឋអាមេរិកសារជាថ្មីថា កម្ពុជាមិនអនុញ្ញាតឲ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយ នៅលើទឹកដីកម្ពុជាឡើយ។
ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីលោកហ្គ្រឺហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានសម្តែងក្តីកង្វល់របស់សហរដ្ឋអាមេរិក ទាក់ទងនឹងមូលដ្ឋានកងទ័ពបរទេស នៅកំពង់ផែសមុទ្ររាម ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ ចេញផ្សាយនៅថ្ងៃ២៤ វិច្ឆិកាក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេច និងលោកតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក នាថ្ងៃ២៣ វិច្ឆិកាថា “សម្តេចតេជោបានអះអាងបញ្ជាក់ជាថ្មី ពីជំហរម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឲ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើ ទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាពក្នុង ការប្រើប្រាស់កំពង់ផែនេះផងដែរ” ។
ជារឿយៗអាមេរិកតែងតែលើក ពីបញ្ហាកំពង់ផែរាម នៅព្រះសីហនុ ក្រោយអាមេរិកបានចោទថា កម្ពុជាផ្តល់ឲ្យភាគីចិនបោះមូលដ្ឋានទ័ព ប៉ុន្តែទាំងសម្តេច និងមន្រ្តីជាន់ខ្ពស់កម្ពុជាបានបដិសេធ ជាច្រើនលើកច្រើនសារថា គ្មានមូលដ្ឋានទ័ពបរទេសណាមួយឡើយ ។
បើតាមសេចក្តីប្រកាសដដែល របស់ក្រសួងកាបរទេសខ្មែរ គឺថា ភាគីទាំងពីរក៏បានប្តេជ្ញា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាថែមទៀត។
សម្តេចតេជោ និងតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក បានសម្តែងក្តីពេញចិត្តចំពោះ ការវិវត្តនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានពិភាក្សា និងមានទស្សនៈដូចគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីបន្ថែមទៀត។
លោកតំណាងរាស្ត្រ បានអះអាងប្រាប់សម្តេចតេជោថា អាមេរិកចាត់ទុកសម្តេចជា «មិត្ត» ហើយនឹងធ្វើការ យ៉ាងជិតស្និទ្ធជាមួយសម្ដេច ខណៈសម្តេចតេ បានគូសបញ្ជាក់ថាទំនាក់ទំនងកម្ពុជា-អាមេរិកនាពេលបច្ចុប្បន្ន មានភាពល្អប្រសើរជាង ពេលណាៗទាំងអស់ចាប់ តាំងពីការបង្កើតទំនាក់ទំនង ការទូតកាលពី ៧២ឆ្នាំមុន ហើយថាប្រទេសទាំងពីរនឹង ក្លាយជាដៃគូនាពេលអនាគត ។
ក្នុងជំនួបនោះដែរសម្ដេចតេជោ បានជម្រាបលោកតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីកពីដំណើរការប្រជា ធិបតេយ្យនៅកម្ពុជា ជាពិសេសការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដោយសេរី និងយុត្តិធម៌ នៅខែមិថុនា កន្លងមកនេះ និងការត្រៀមរៀបចំរបស់កម្ពុជា និងគណបក្ស នយោបាយនានា សម្រាប់ការបោះឆ្នោតជាតិនាពេលខាងមុខ ៕