បរទេស៖ ក្នុងការចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី៩ នៅកម្ពុជា ប្រមុខការពារជាតិចិនកាលពីថ្ងៃពុធ បានអំពាវនាវឱ្យមានសាមគ្គីភាព និងយុត្តិធម៌ពិភពលោកជំនួសឱ្យអនុត្តរភាព និងការបែងចែក ហើយបានអំពាវនាវឱ្យប្រទេស អនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល និងធ្វើការរួមគ្នាដើម្បីក សាងរបាំងរឹងមាំសម្រាប់ សន្តិសុខសកល។
រដ្ឋមន្រ្តីការពារជាតិចិនក៏បានសង្កត់ធ្ងន់ថា ការរីកចម្រើន និងភាពរឹងមាំរបស់យោធាចិន នឹងតែងតែគាំទ្រសន្តិភាពពិភពលោក ប៉ុន្តែយោធាចិនមានទំនុកចិត្ត និងសមត្ថភាពដើម្បីកម្ចាត់ អ្នកឈ្លានពានណាមួយ ដោយបញ្ជាក់សារជាថ្មីអំពីគោលការណ៍ ជាមូលដ្ឋានរបស់ចិន លើសំណួរអំពីកោះតៃវ៉ាន់ ។
យោងតាមសារព័ត៌មាន Global Times ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកវិភាគបានកត់សម្គាល់ថា ទោះបីជាមានការខិតខំប្រឹងប្រែង ដោយសហរដ្ឋអាមេរិក និងកងកម្លាំងខាងក្រៅផ្សេងទៀត ដើម្បីធ្វើអន្តរកម្មលើបញ្ហានៃកោះតៃវ៉ាន់ក៏ដោយ ក៏ប្រទេសចិន និងប្រជាជាតិអាស៊ានមានប្រាជ្ញា ក្នុងការទប់ស្កាត់ជម្លោះដូចដែលបាន កើតឡើងនៅអ៊ុយក្រែន ឱ្យកើតឡើងនៅអាស៊ី។
ក្រោមប្រធានបទ “សាមគ្គីភាពដើម្បីសន្តិសុខសុខដុមរមនា” កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus លើកទី៩) បានធ្វើឡើងនៅប្រទេសកម្ពុជា កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីវិធីពង្រឹងសន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ រដ្ឋមន្ត្រីការពារជាតិមកពីអាស៊ាន និងដៃគូសន្ទនារបស់ខ្លួន រួមមាន ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី អូស្ត្រាលី និងសហរដ្ឋអាមេរិក បានចូលរួមកិច្ចប្រជុំនេះ។
ក្នុងពេលថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំ ADMM-Plus លើកទី៩ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន ឧត្តមសេនីយ៍ Wei Fenghe បានសង្កត់ធ្ងន់ថា ដោយសារសន្តិភាព និងការអភិវឌ្ឍន៍ពិភពលោកប្រឈមមុខនឹង បញ្ហាប្រឈមធំៗ មធ្យោបាយត្រឹមត្រូវគឺ ការកសាងសហគមន៍មួយដែលមាន អនាគតរួមគ្នាសម្រាប់មនុស្សជាតិ ហើយក៏ជាកន្លែងដែលអនាគត របស់ពិភពលោកស្ថិតនៅ ។
លោក Wei បាននិយាយថា “យើងត្រូវការសាមគ្គីភាព មិនមែនការបែកចែក, យុត្តិធម៌ មិនមែនអនុត្តរភាព ការបើកចំហរ មិនរាំងស្ទះ ផលប្រយោជន៍ទៅវិញទៅមក មិនមែនភាពអាត្មានិយម” ដោយលោកកត់សម្គាល់ថា ប្រទេសនានាគួរតែរួមគ្នាបង្កើត និងរក្សាសណ្តាប់ធ្នាប់ក្នុងតំបន់ ដែលថ្លឹងថ្លែងកង្វល់របស់ភាគីទាំងអស់ និងបម្រើផលប្រយោជន៍របស់ពួកគេ ៕
ប្រែសម្រួលៈ ណៃ តុលា