ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប សម្ដែងការព្រួយបារម្ភ ជុំវិញការវាយប្រហារ ដោយអ៊ីរ៉ង់ និងតួកគី នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់

គ៊ែរ ៖ ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ប្រទេសអេហ្ស៊ីប កំពុងតាមដានដោយមានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារ របស់អ៊ីរ៉ង់ និងតួកគីនាពេលថ្មីៗនេះ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការវាយប្រហារទាំងនោះ រំលោភលើអធិបតេយ្យភាព របស់អ៊ីរ៉ាក់ និងស៊ីរី” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

អេហ្ស៊ីប បានអំពាវនាវឱ្យលុបបំបាត់ភាពតានតឹង ដើម្បីបញ្ឈប់ការបង្ហូរឈាម និងធ្វើឱ្យតំបន់មានកត្តាអស្ថិរភាពបន្ថែមទៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍ ។

កងកម្លាំងអ៊ីរ៉ង់ និងតួកគី តែងតែវាយប្រហារលើមូលដ្ឋានយោធា របស់ពួកសកម្មប្រយុទ្ធឃឺដ នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដោយចោទប្រកាន់ពួកគេថា បានធ្វើការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ង់ និងតួកគី ។

កងកម្លាំងជើងគោក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) កាលពីថ្ងៃអង្គារបានបើកការវាយប្រហារថ្មីមួយប្រឆាំងនឹង “ភេរវករផ្តាច់ខ្លួន” នៅក្នុងតំបន់ឃឺដ នៃភាគឦសានប្រទេសអ៊ីរ៉ាក់។

ទីភ្នាក់ងារព័ត៌មានពាក់ កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ Tasnim បានរាយការណ៍ថា ការវាយប្រហារកាលពីថ្ងៃអង្គារ បានធ្វើឡើងបន្ទាប់ពីការ វាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនរបស់កងកម្លាំងដីគោក IRGC ទៅលើទីតាំងរបស់ក្រុម “បំបែកខ្លួន” របស់អ៊ីរ៉ង់នៅក្នុងតំបន់ឃឺដ នៅព្រឹកព្រលឹមថ្ងៃចន្ទ ៕

To Top