ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបេឡារុស្ស ព្រមានថា ទីក្រុងគៀវ ត្រូវតែបញ្ចប់សង្គ្រាម ប្រសិនបើពួកគេមិនចង់ស្លាប់

គៀវ៖ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី លើបណ្តាញថាមពលអ៊ុយក្រែន មានគោលបំណងបង្កកប្រទេសនៅអឺរ៉ុប ខាងកើតមួយនេះ “ឱ្យចុះចូល” ខណៈប្រធានាធិបតីបេឡារុស្ស Alexander Lukashenko បានព្រមានថាទីក្រុងគៀវ ត្រូវតែបញ្ចប់សង្គ្រាមប្រសិនបើ “ពួកគេមិនចង់ស្លាប់” ។

លោកស្រី Thomas-Greenfield បានឲ្យដឹងក្នុងអំឡុងពេល កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ដើម្បីពិភាក្សាអំពីការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន កាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទទូចឱ្យកាត់បន្ថយគ្រឿងបរិក្ខារ ថាមពលរបស់អ៊ុយក្រែន ទៅជា “កម្ទេចថ្ម” នៅពេលដែលសង្រ្គាមផ្ទុះឡើង។

លោកស្រីបន្ដថា “ការជំរុញរបស់លោក ពូទីន មិនអាចច្បាស់លាស់ និងឈាមត្រជាក់ជាងនេះទេ។ លោកច្បាស់ណាស់ថា អាវុធរដូវរងា ដើម្បីធ្វើទុក្ខយ៉ាងក្រៀមក្រំ ដល់ប្រជាជនអ៊ុយក្រែន។ លោកបានសម្រេចចិត្តថា ប្រសិនបើលោកមិនអាចដណ្តើមយក អ៊ុយក្រែនដោយកម្លាំងទេ លោកនឹងព្យាយាមបង្កក ដើម្បីឲ្យប្រទេស​នេះចុះ​ចូល”។

ទន្ទឹមនឹងនេះ លោក Lukashenko បានអំពាវនាវឱ្យមានការចរចា ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយបានបន្ថែមថា ប្រទេសនេះកំពុងស្ថិតក្នុងហានិភ័យនៃ “ការបំផ្លិចបំផ្លាញទាំងស្រុង” ។

លោកបានឲ្យដឹងក្នុងអំឡុងពេល បទសម្ភាសន៍កាលពីថ្ងៃព្រហស្បតិ៍ ជាមួយប៉ុស្តិ៍ព័ត៌មានរុស្ស៊ី RBC “អ្វីៗគឺស្ថិតនៅក្នុងដៃអ៊ុយក្រែន ឥឡូវនេះ ប្រសិនបើពួកគេមិនចង់វិនាសទេនោះ ពួកគេត្រូវតែបញ្ឈប់។ ពួកគេត្រូវតែបញ្ឈប់ ព្រោះរឿងបន្ទាប់នឹងជាការ បំផ្លាញអ៊ុយក្រែនទាំងស្រុង”។

លោកបន្ដថា “នេះមិនមែនជាអ្វីដែលលោក ពូទីន បាននិយាយមុនពេលប្រតិបត្តិការនោះទេ វានឹងគំរាមកំហែងដល់ការ បាត់បង់ភាពជារដ្ឋរបស់អ៊ុយក្រែន។ នេះពិតជាមានន័យថា ការបំផ្លិចបំផ្លាញអ៊ុយក្រែន! ពួកគេត្រូវតែបញ្ឈប់” ។

រុស្សីបាននឹងកំពុងបាញ់មីស៊ីល ជាច្រើនគ្រាប់ទៅលើកន្លែងថាមពល នៅទូទាំងប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស នៅមុនរដូវរងាដ៏អាក្រក់មួយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top