ភ្នំពេញ ៖ រដ្ឋាភិបាលស៊ុយអែត បានប្ដេជ្ញានឹងបន្ត ផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ ជាច្រើននៅកម្ពុជា ។ នេះជាការអះអាងរបស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយលោក Bjorn HAggark ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្តភាព នៃប្រទេសស៊ុយអែតប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ។
លោកបន្តថា រដ្ឋាភិបាលស៊ុយអែត បាននិងបន្តផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង អភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ដោយភាគច្រើន ហិរញ្ញប្បទានតាមរយៈ អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប ។
លោកឲ្យដឹងទៀតថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីក ឥតឈប់ឈរ ហើយបាននាំមក នូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរផងដែរ ។
ឱកាសនោះ លោក Bjorn Hlqgmark កោតសរសើរក្រសួងសេដ្ឋកិច្ច ដែលប្រមូលចំណូលចូលរដ្ឋច្រើន ហើយកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈកម្ពុជាសម្រេចបាន កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់។
លោកបញ្ជាក់ថា បច្ចុប្បន្នទំហំវិនិយោគ របស់ស៊ុយអែតនៅកម្ពុជា មានបរិមាណតិចតួចនៅឡើយ ប៉ុន្តែប្រទេសទាំងពីរ មានសក្តានុពលជំរុញ កិច្ចសហប្រពិបត្តិការពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការពង្រឹង កិច្ចសហប្រតិបន្តិការទ្វេភាគី និងបង្កើនកិច្ចសន្ទនា ជាមួយគ្នាបន្ថែម៕ ដោយ៖ធី លីថូ