ព័ត៌មានជាតិ

សម្ដេច ស ខេង ទទួលបានមេដាយមាស ពីក្រសួងសន្តិសុខប្រទេសចិន

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តាមប្រព័ន្ធវីដេអូ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួល មេដាយមាស Great Wall Commemorative Medal ក្នុងសន្និសីទលើកទី១ នៃវេទិកាកិច្ចប្រតិបត្តិការសន្តិសុខសាធារណៈសកល។

នាឱកាសនោះ សម្ដេច ស ខេង បានថ្លែងនូវសេចក្តីសោមនស្សរីករាយ ដែលត្រូវបានរដ្ឋាភិបាល និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ផ្ដល់នូវគ្រឿងឥស្សរិយយស «មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង» ក្នុងឱកាសនៃការប្រារព្ធពិធីដ៏មហោឡារិក វេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល លើកទី ៦ ឬហៅថា វេទិកា «លានស៊ីនកាង» (Lianyungang) នាពេលនេះ ។

សម្ដេច បន្តថា ការទទួលបាននូវគ្រឿងឥស្សរិយយស ប្រកបដោយគុណតម្លៃដ៏វិសេសវិសាលនេះ គឺជាមោទកភាពសម្រាប់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា ដែលជាស្ថាប័នទទួលខុសត្រូវក្នុងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

សម្ដេច បន្ថែមថា ក្នុងន័យនេះ «មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង» មិនត្រឹមតែជាការលើកទឹកចិត្តសម្រាប់សម្ដេចផ្ទាល់ ព្រមទាំង នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ និង ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយបន្ថែមទៀត ដល់សមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជាទាំងមូល ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីបម្រើដល់បុព្វហេតុ ជាតិ និងប្រជាជន។

លើសពីនេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី ក៏បានចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះ លោក-លោកស្រី ជាថ្នាក់ដឹកនាំស្ថាប័នអនុវត្តច្បាប់ នៃបណ្តាប្រទេសជាមិត្ត ដែលជាជ័យលាភីនៃមេដាយអនុស្សាវរីយ៍មហាកំពែង នាឱកាសនេះ ហើយការទទួលបាននូវគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមនេះ ពិតជាឆ្លុះបញ្ចាំង និងជាសក្ខីភាព នៃកិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការលះបង់ដ៏ធំធេងក្នុងបុព្វហេតុជាតិ និងប្រជាជន៕

To Top