បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសនៃ ប្រទេសសមាជិកណាតូ គ្រោងនឹងបញ្ជាក់ជាថ្មីអំពី ការត្រៀមខ្លួនរបស់សម្ព័ន្ធមិត្តយោធា ដើម្បីស្វាគមន៍អ៊ុយក្រែនចូលទៅ ក្នុងប្លុកជាគោលការណ៍។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏ត្រូវបានគេរំពឹងថា នឹងបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងគៀវ មិនអាចចូលរួមបាននៅពេលនេះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសណាតូបានប្រព្រឹត្តទៅ កាលពីថ្ងៃអង្គារនៅទីក្រុង Bucharest ប្រទេសរ៉ូម៉ានី។ ទីភ្នាក់ងារព័ត៌មាន Bloomberg ដោយដកស្រង់ប្រភពអនាមិក បាននិយាយថា សម្ព័ន្ធភាពយោធាត្រូវបាន គេរំពឹងថានឹងបញ្ជាក់ថា “ទ្វារនៅតែបើកចំហ” សម្រាប់អ៊ុយក្រែន ប៉ុន្តែ “ពេលនេះមិនមែនជាពេលវេលា” សម្រាប់ការចូលជាសមាជិក របស់ប្រទេសនេះទេ។
របាយការណ៍បានអះអាងថា យ៉ាងហោចណាស់ប្រទេសសមាជិកណាតូ មួយចំនួនមានការព្រួយបារម្ភយ៉ាងខ្លាំងថា ដោយការទទួលយកអ៊ុយក្រែន ចូលទៅក្នុងសម្ព័ន្ធភាពប្លុកនេះ អាចត្រូវអូសចូលទៅក្នុង ការប្រឈមមុខគ្នាផ្នែកយោធា ដោយផ្ទាល់ជាមួយរុស្ស៊ីដោយសារតែ ការប្តេជ្ញាចិត្តការពាររួមរបស់ខ្លួន។
ជាមួយនឹងការខ្វះខាតការ ឯកភាពគ្នាលើបញ្ហានេះ ប្រទេសសម្ព័ន្ធមិត្តតាម សេចក្តីរាយការណ៍បានយល់ព្រម ផ្តល់អាទិភាពដល់ការបញ្ជូនសព្វាវុធ ទៅកាន់ទីក្រុងគៀវសម្រាប់ ពេលបច្ចុប្បន្ន ដើម្បីធានាថាអ៊ុយក្រែន មានជ័យជំនះលើសមរភូមិ ៕
ប្រែសម្រួលៈ ណៃ តុលា