ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ដើម្បីប្រឆាំង នឹងភាពក្រីក្រ និងភាពល្ងង់ខ្លៅ ត្រូវប្រឆាំងខ្លួនឯង ជាមុនសិន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបាត់ដំបង បានថ្លែងថា ដើម្បីប្រឆាំងនឹងខ្មាំង សត្រូវភាពក្រីក្រ និងភាពល្ងង់ខ្លៅ ជំហានដំបូង គឺត្រូវប្រឆាំងខ្លួនឯងជាមុនសិន ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាវិទ្យាល័យជ្រៃ ចំនួន ១ខ្នង និងសមិទ្ធផលនានា ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេច ស ខេង បានលើកឡើងពីខ្មាំងសត្រូវក្នុងសម័យសន្តិភាព ខុសពីខ្មាំងសត្រូវសម័យសង្គ្រាម ។

សម្ដេច បញ្ជាក់ថា «ខ្មាំងសត្រូវរបស់យើង ទាំងអស់គ្នាធំបំផុត គឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ ។ ដើម្បីប្រឆាំងនឹង ខ្មៅសត្រូវទាំងពីរនេះ ជាដំបូងគឺយើងត្រូវប្រឆាំង នឹងខ្លួនឯងជាមុនសិន»។

សម្ដេច បន្តទៀតថា«ធនធានមនុស្សគឺធានធានគន្លឹះ ដែលបង្កើតលទ្ធផល សមិទ្ធផល និងស្នាដៃរាប់មិនអស់»។ ភ្ជាប់ នឹងការថ្លែងជំរុញ កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ធនធានមនុស្ស សម្ដេច ស ខេង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារ សុខសន្តិភាព និងស្ថិរភាពជាតិ។

លើសពីនេះ សម្ដេច ស ខេង ក៏បានលើកឡើងអំពីភាព ជោគជ័យ នៃការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូល អាស៊ាន ផលប្រយោជន៍ ប្រជាជនបានមកពីការអនុវត្តគោល នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងគ្រឿងញៀនជាដើម ។ សម្ដេច បានអំពាវនាវឱ្យប្រជាពលរដ្ឋអប់រំ សមាជិកក្រុមគ្រួសារឱ្យចៀស ឆ្ងាយពីគ្រឿងញៀន និងចូលរួមសហការ ជាមួយសមត្ថកិច្ចដើម្បីប្រឆាំង នឹងគ្រឿងញៀន៕

To Top