ព័ត៌មានអន្តរជាតិ

IAEA បញ្ជាក់ថា នឹងពង្រឹងវត្តមាន នៅក្នុងរោងចក្រ នុយក្លេអ៊ែរ ទាំងអស់ នៅអ៊ុយក្រែន

គៀវ ៖ ទីភ្នាក់ងារ ថាមពលអាតូមិក អន្តរជាតិ (IAEA) នឹងពង្រឹងវត្តមានរបស់ខ្លួន នៅរោងចក្រ ថាមពលនុយក្លេអ៊ែរ (NPPs) ទាំងអស់ក្នុងប្រទេសអ៊ុយក្រែន នេះបើតាមអគ្គនាយក IAEA លោក Rafael Grossi ។

លោកGrossi បានឲ្យដឹង បន្ទាប់ពីកិច្ចប្រជុំ របស់លោកជាមួយរដ្ឋមន្ត្រីការបរទេស អ៊ុយក្រែនលោក Dmytro Kuleba នៅទីក្រុង Bucharest ប្រទេសរ៉ូម៉ានី ថា “IAEA នឹងពង្រឹងវត្តមានរបស់ខ្លួននៅក្នុង NPPs ទាំងអស់របស់អ៊ុយក្រែន ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់ប្រទេសនេះ” ។

លោក Grossi បានលើកឡើងថា លោកបន្តធ្វើការជាមួយលោក Kuleba ឆ្ពោះទៅរកការបង្កើត ជាបន្ទាន់នៃតំបន់ការពារ សុវត្ថិភាពនុយក្លេអ៊ែរ និងសន្តិសុខជុំវិញ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន ។

ដោយឡែក​លោក Kuleba បាន​សរសេរ​លើបណ្ដាញ Twitter ឲ្យដឹងថា សន្តិសុខ​របស់​បុគ្គលិក​អ៊ុយក្រែន ដែល​ធ្វើការ​នៅរោងចក្រ ថាមពល Zaporizhzhia NPP ក៏​ត្រូវ​បាន​គេ​ពិភាក្សា ​ក្នុង​កិច្ច​ពិភាក្សា​ដែរ ។

លោករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងអំឡុងពេលសន្ទនាជាមួយលោក Grossi លោកបានរំលឹកឡើង វិញពីតម្រូវការ សម្រាប់ការដកកងកម្លាំង របស់រុស្ស៊ីចេញពី Zaporizhzhia NPP ដែលជារោងចក្រ ថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុតមួយនៅអឺរ៉ុប ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់កងកម្លាំងរុស្ស៊ី ចាប់តាំងពីខែមីនា ។

គួរបញ្ជាក់ថាទាំងលោក Grossi និងលោក Kuleba បានធ្វើការពិភាក្សា របស់ពួកគេក្នុងអំឡុងពេលកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសនៃអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅទីក្រុង Bucharest ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top