ព័ត៌មានជាតិ

ក្រសួងដែនដី៖ វិស័យឯកជន ជាក្បាលម៉ាស៊ីន ជំរុញកំណើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្មនិងសំណង់ បានបញ្ជាក់ថា​រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យ ឯកជន ជាក្បាលម៉ាស៊ីន កំណើនសេដ្ឋកិច្ចជាតិ និងបានដើតួនាទី ដ៏សំខាន់ក្នុងការជំរុញ អភិវឌ្ឍន៏សេដ្ឋកិច្ចសង្គម និងអភិវឌ្ឍន៏ទីផ្សារការងារ ។

លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងក្នុងពិធី បើកសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០២២-និងបន្ដការ ងារឆ្នាំ២០២៣ របស់សមាគមន៏អ្នកសាងសង់កម្ពុជា និងតាំងពិព័រណ៏ឧស្សាហកម្ម២០២២ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ​ នាព្រឹកថ្ងៃទី១ ធ្នូថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យ ឯកជន ជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ និងបានដើតួនាទី ដ៏សំខាន់ក្នុងការជំរុញ អភិវឌ្ឍន៏សេដ្ឋកិច្ចសង្គម និងអភិវឌ្ឍន៏ទីផ្សារការងារ ជូនប្រជាពលរដ្ឋនៅក្នុងស្រុក ដ៏ច្រើនសន្ធឹកសន្ធាប់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ។

លោកថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ បានផ្ដោតការយកចិត្ដទុកដាក់លើការពង្រឹង ការគ្រប់គ្រងនគរូបនីយកម្ម និងការអភិវឌ្ឍទីក្រុង ដែលមានបរិស្ថានរស់នៅល្អ ធានាគុណភាព សុវត្ថិភាព សុខមាលភាព និងប្រសិទ្ធភាពសង្គម សេដ្ឋកិច្ច តាមគោលការទីក្រុងឆ្លាត ។

លោកបានលើកឡើងថា ក្នុងគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈការជំរុញ អភិវឌ្ឍន៏ និងអនុវត្ដ ពង្រឹងគោលនយោ បាយ ច្បាប់ និងបដ្ឋានគតិយុត្ដ បដ្ឋានបច្ចេកទេស ការកសាងផែន ការរៀបចំផែនដី ប្លង់គោល ផែនការប្រើប្រាស់ដី ផ្សារភ្ជាប់យុទ្ធសាស្ដ្រ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុទីក្រុង ជាមួយការអនុវត្ដ និងអភិវឌ្ឍនគរូបនីយកម្ម ។.

អ្នកឧកញ៉ា​ ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានបញ្ជាក់ថាឆ្នាំ២០២២នេះ ការរៀបចំឡើងវិញនូវការតាំងពិព័រណ៍ ឧស្សហកម្មសំណង់កម្ពុជា-អន្តរជាតិ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ក្រុមហ៊ុនដែលមានផលិត ផលសម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់ទំនើបៗ ដែលមានគុណភាពល្អ និងទើបបាននាំចូលថ្មីៗ សម្រាប់ដាក់តាំងបង្ហាញ ក្នុងកម្មវិធីនេះដើម្បីជំរុញ នូវការលក់ និងផ្សព្វផ្សាយជូនវិនិយោគិន និងអ្នកអភិវឌ្ឍន៍ដែលជា អ្នកមានធុរកិច្ចលើវិស័យសំណង់ និងអចលនទ្រព្យក្នុង ស្រុកក្រោយពេលដែលរាជរដ្ឋាភិបាល បានបើកឱ្យដំណើរការប្រទេសឡើងវិញ និងកំពុងធ្វើការស្តារសេដ្ឋកិច្ចជាតិ ឡើងវិញនោះ។

លោកបន្ដថា ឆ្នាំនេះដោយសារជំងឺឆ្លងកូវីដ១៩ ទើបបានថមថយ និងមិនទាន់រលត់បាត់ទាំងស្រុងនៅឡើយ ហើយនៅតាមបណ្តាប្រទេសមួយចំនួន ក៏បានកើតឡើងវិញ។ ដូច្នេះការរៀបចំរបស់សមាគមឆ្នាំនេះ យើងឃើញថាមាន ក្រុមហ៊ុនចំនួនតែ៧៩ ក្រុមហ៊ុនស្មើនឹង ១៥០ស្តង់ និងមានផលិតផលប្រមាណជាង ២០០០មុខ និងផ្នែកសេវា កម្មជាង ៥០ប្រភេទ បានចូលរួមនិងបានដាក់តាំងបង្ហាញ ក្នុងកម្មវិធីពិព័រណ៍នេះ ហើយផលិតផលទាំងនេះមាន ជាផលិតផលក្នុងស្រុក និងមានខ្លះជាផលិតផលដែលបាន នាំចូលមកពីបណ្តាប្រទេសជាច្រើន ដូចជានាំចូល មកពីប្រទេស ចិន និងតំបន់តៃវ៉ាន់ វៀតណាម កូរ៉េ ថៃ ម៉ាឡេស៊ី បារាំង សឹង្ហបុរី ឥណ្ឌូនេស៊ី ជប៉ុន អាល្លឺម៉ង់ ស៊ុយអ៊ែត ឥណ្ឌា ។ល។ ប្រសិនបើយើងប្រៀបធៀប ចំនួនក្រុមហ៊ុនដែលបានចូលរួម ដាក់តាំងផលិតផល នៅឆ្នាំមុនៗ នៅមុនពេលការរីករាតត្បាតកូវីដ១៩ នោះឆ្នាំនេះគឺមានការធ្លាក់ចុះជិតពាក់កណ្ដាល ដោយសារមាន ក្រុមហ៊ុនបរទេសជាច្រើនបានអវត្តមាន ក្នុងការអញ្ជើញមកចូលរួម ជាមួយសមាគមនៅក្នុងឆ្នាំនេះ ។ លោកមានសង្ឃឹម និង ជឿជាក់ថា ក្រុមហ៊ុនជាច្រើនដែលបានអាក់ខាន ក្នុងឆ្នាំនេះនឹងអញ្ជើញមកចូលរួមឡើងវិញ នៅឆ្នាំក្រោយៗទៀតមិនខាន ៕

To Top