បរទេស៖ លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីថៃ បាននិយាយនៅ ថ្ងៃសុក្រថា យន្តហោះជើងហោះហើរពិសេស នឹងចេញដំណើរនៅ ព្រឹកថ្ងៃសៅរ៍ ដើម្បីទៅយកជនជាតិថៃដែលជាប់គាំងនៅក្នុងទីក្រុងវ៉ូហាន ដែលជាក្រុងរងការវាយ ប្រហារដោយវីរុសផ្លូវដង្ហើមថ្មី។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ឧត្តមសេនីយ៍ Prawit ថា ប្រទេសចិនបានផ្តល់ការអនុញ្ញាតឱ្យយន្តហោះចុះចតនៅក្រុងវូហាន។
ឧត្តមសេនីយ៍ Prawit បន្តថា រដ្ឋមន្រ្តីសុខភាពសាធារណៈ លោក Anutin Charnvirakul កំពុងចាត់ចែងការរៀបចំ សម្រាប់ការជម្លៀសនេះ។
លោកវេជ្ជបណ្ឌិត Narong Aphikulvanich អគ្គនាយករងនៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្តបាននិយាយថាពលរដ្ឋថៃចំនួន ៦៤ នាក់ ត្រូវបានបញ្ជាក់ថា ស្ថិតនៅក្នុងទីក្រុង វូហាន ។ ក្រុមវេជ្ជបណ្ឌិតជំនាញខាងជំងឺផ្លូវដង្ហើម និងថ្នាំសង្គ្រោះបន្ទាន់ នឹងស្ថិតនៅលើយន្តហោះនោះដែរ។
លោកវេជ្ជបណ្ឌិត Narong បន្តថា ពួកគេនឹងមានឧបករណ៍ចាំបាច់ ដើម្បីពិនិត្យអ្នកជម្លៀស នៅពេលពួកគេឡើងយន្តហោះ ហើយនឹងពិនិត្យម្តងទៀតបន្ទាប់ពី ពួកគេបានមកដល់ប្រទេសថៃវិញ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា អ្នកដែលមានរោគសញ្ញា នៃជំងឺ នឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយ៉ាងហោចណាស់ ១៤ ថ្ងៃ។ អ្នកផ្សេងទៀតនឹងត្រូវបាន ត្រួតពិនិត្យនៅផ្ទះរបស់ពួកគេ ក្នុងរយៈពេលតែមួយ សម្រាប់រោគសញ្ញាណាមួយនៃជំងឺ៕ ប្រែសម្រួលៈ ណៃតុលា