ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសទណ្ឌកម្មបន្ថែមទៀត ដើម្បីដាក់សម្ពាធលើកូរ៉េខាងជើង ក្រោយធ្វើតេស្ដមីស៊ីល ICBM

វ៉ាស៊ីនតោន៖ អាមេរិក បានប្រកាសដាក់ទណ្ឌកម្មបន្ថែម ដើម្បីទប់ស្កាត់កម្មវិធីអាវុធ របស់ទីក្រុងព្យុងយ៉ាង បន្ទាប់ពីការសាកល្បងមីស៊ីលអន្តរទ្វីប ចុងក្រោយបង្អស់កាលពីខែវិច្ឆិកា ដោយផ្តោតលើមន្ត្រីកូរ៉េខាងជើង ៣នាក់។

លោក Brian Nelson អនុរដ្ឋលេខាធិការរតនាគារ ទទួលបន្ទុកភេរវកម្ម និងហិរញ្ញវត្ថុបានឲ្យដឹងថា នាយកដ្ឋានរតនាគារ កំពុងចាត់វិធានការក្នុងការសម្របសម្រួល ត្រីភាគីយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត អាស៊ីសំខាន់ៗចំនួនពីរ គឺជប៉ុន និងកូរ៉េខាងត្បូង ប្រឆាំងនឹងមន្ត្រី ដែលមានតួនាទីនាំមុខគេ ក្នុងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ ប្រទេសកូរ៉េខាងជើង។

អ្នកទាំង៣ គឺ Jon Il Ho, Yu Jin និង Kim Su Gil ត្រូវបានគេដាក់ទណ្ឌកម្ម ដោយសារធ្វើជាមន្ត្រី នៃគណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាច។ សហភាពអឺរ៉ុបបានចាត់តាំងអ្នកទាំង៣ នៅដើមឆ្នាំនេះ ដោយកត់សម្គាល់ថាទាំង Jon និង Yu បានចូលរួមការបាញ់មីស៊ីលផ្លោង ជាច្រើនចាប់តាំងពីយ៉ាងហោចណាស់ ឆ្នាំ២០១៧ នេះបើយោងតាមក្រសួង។

ទណ្ឌកម្មរារាំងទ្រព្យសម្បត្តិ ដែលកាន់កាប់ដោយបុគ្គល ដែលបានចាត់តាំងនៅក្នុងសហរដ្ឋអាមេរិក និងហាមឃាត់ការធ្វើប្រតិបត្តិការ ជាមួយពួកគេដោយពលរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីល ICBM ដែលជាការបាញ់បង្ហោះលើកទី៨ របស់ខ្លួនក្នុងឆ្នាំនេះ នេះបើយោងតាមរដ្ឋាភិបាលសហរដ្ឋអាមេរិក ។

ការសាកល្បងនោះ រួមជាមួយនឹងការបាញ់មីស៊ីលផ្លោងជាង ៦០គ្រាប់ផ្សេងទៀតដោយទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំនេះ បានបំពានយ៉ាងច្បាស់នូវ ដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហើយបានបង្ហាញពី “ការគំរាមកំហែងបន្តដល់សន្តិភាព និងសន្តិសុខអន្តរជាតិ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top