ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ប្រាប់អាជ្ញាធរ ត្រូវសម្រួលទីតាំងឱ្យបានល្អប្រសើរ ដល់អ្នកលក់ដូរ តាមកញ្ច្រែងល្អី និងមិនត្រូវយកថ្លៃភាស៊ី

ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានធ្វើការណែនាំឱ្យអ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរក្រុង ត្រូវសម្រួលទីតាំងឱ្យបានល្អប្រសើរ ដល់អ្នកលក់ដូរ តាមកញ្ច្រែងល្អី និងមិនត្រូវយកថ្លៃភាស៊ី ។

ក្នុងឱកាស ចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករផ្សារថ្មីពោធិ៍សាត់ ដើម្បីសិក្សាស្វែងយល់ពីបញ្ហាប្រឈម ក្នុងការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោក ខូយ រីដា លើកឡើងថា « អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរក្រុង មិនត្រូវយកថ្លៃភាស៊ី លើសសៀវភៅបន្ទុក និងចេះយោគយល់អធ្យាស្រ័យ ចំពោះប្រជាពលរដ្ឋ ដែលមានវ័យចំណាស់ ឬក្មេងតូច ដែលដាក់លក់បន្លែបង្កា ក្តាម ខ្យង តាមកញ្ច្រែងល្អីបន្តិចបន្តួច ដោយត្រូវធ្វើយ៉ាងណា សម្រួលទីតាំងឱ្យពួកគាត់ លក់ដូរបានល្អប្រសើរផងដែរ»។

បន្ថែមពីនោះលោកអភិបាលខេត្តបានណែនាំដល់ អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរក្រុង ត្រូវរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ ធ្វើយ៉ាងណារក្សាការពារ សុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរឱ្យបានល្អ ដើម្បីជៀសវាងការបាត់បង់ នូវទ្រព្យសម្បត្តិ ឬធ្វើឱ្យមានគ្រោះថ្នាក់ ដោយប្រការផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាល ក៏បានលើកឡើងពីគោលបំណង នៃការគ្រោងរៀបចំកម្មវិធីជួបសំណេះសំណាល ជាមួយក្រុមគ្រួសារម៉ូតូឌុប ក្នុងក្រុងពោធិ៍សាត់ ក្នុងអាណត្តិដឹកនាំរបស់លោក ដែលទើបនឹងបានរយៈពេល ១២ថ្ងៃកន្លងទៅ ដើម្បីមានឱកាសស្វែងយល់ និងប្រាស្រ័យទាក់ទងគ្នា រួមគ្នាគិត រួមគ្នាដោះស្រាយបញ្ហាប្រឈម ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសបញ្ហាសន្តិសុខសង្គម ដែលកើតមានក្នុងមូលដ្ឋាន ៕

To Top