ភ្នំពេញ៖ កម្ពុជា បានបណ្ដេញចេញជនបរទេស ១០៤នាក់ថែមទៀត ក្រោយចាប់ខ្លួនពីបទឆ្លងដែន និងស្នាក់នៅខុសច្បាប់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអន្តប្រវេសន៍ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១០៤នាក់ ស្រី២៤នាក់ មាន ៥សញ្ជាតិ ក្នុងនោះ ជនជាតិឥណ្ឌាចំនួន ២នាក់ អាមេរិកចំនួន ១នាក់ ឡាវចំនួន ២នាក់ ចិនចំនួន ៤នាក់ និងជនជាតិវៀតណាម ចំនួន៩៥នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិព្រែកចាក។
សេចក្ដីប្រកាសព័ត៌មាន បានបន្ថែមទៀតថា ជនបរទេសចំនួន ១០៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូល ប្រទេសកម្ពុជារយៈពេល ៣ឆ្នាំ៕