ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំដល់អាជីវករមួយចំនួន ដែលប្រកបអាជីវកម្ម ជុំវិញបរិវេណមណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំង៣០មណ្ឌល ទូទាំងរាជធានីភ្នំពេញ ត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ធ្នូ ឆ្នាំ២០២២ ។
យោងតាមសេចក្តីជូនដំណឹង រស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីរួមចំណែកឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ ប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ នៅជុំវិញទាំង៣០មណ្ឌល នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំដល់អាជីវករ ដែលប្រកបអាជីវកម្មជុំវិញ បរិវេណមណ្ឌលប្រឡងដូចខាងក្រោម៖
១ ផ្អាកជាបណ្តោះអាសន្នចំពោះ ទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនអើណេត និងអាជីវកម្មលក់ សម្ភារៈសិក្សារគ្រប់ប្រភេទ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២
២ ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២
៣ ចំពោះទីតាំងអាជីវកម្ម ដែលមិនស្ថិតនៅកៀក បរិវេណមណ្ឌលប្រឡង ហាមបង្កសម្លេងរំខាន ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃការប្រឡងរបស់បេក្ខជន ៕