ព័ត៌មានជាតិ

១០ខែ ឆ្នាំ២០២២ ខេត្តសៀមរាប ទទួលបានទេសចរ សរុប១.៧៩លាននាក់

ភ្នំពេញ៖ ក្នុងរយៈពេល១០ខែឆ្នាំ២០២២ (មករា-តុលា) នៅទូទាំងខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ សរុបជាង១.៧៩លាននាក់ កើនឡើងជាង៨៨៦ភាគរយ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។ នេះបើយោងតាម ក្រសួងទេសចរណ៍។

នៅក្នុងពិធីប្រារព្ធខួប២០ឆ្នាំ របស់សាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោក ថោង ខុន បានបញ្ជាក់ថា «រយៈពេល១០ខែ ឆ្នាំ២០២២ ខេត្តសៀមរាបទទួល បានទេសចរសរុបចំនួន១,៧៩២,៥៤៩នាក់ កើនឡើង៨៨៦.៣៣៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១»។

លោកបន្តថា ក្នុងចំណោមទេសចរ សរុបទាំង១,៧៩២,៥៤៩នាក់នោះ មានភ្ញៀវទេសចរជាតិចំនួន១,៦២៣,២០០នាក់ កើនឡើង៨៣០.៤៥% និងទេសចរអន្តរជាតិមានចំនួន១៦៩,៣៤៩នាក់ កើនឡើង២២២៤.៣០%។

លោករដ្ឋមន្ត្រីបន្ថែមថា តាមការព្យាករណ៍សម្រាប់ រយៈពេលពេញមួយឆ្នាំ២០២២នេះ ភ្ញៀវទេសចរ ដែលចូលមកកម្សាន្ត​ ក្នុងខេត្តសៀមរាប នឹងឡើងដល់ចំនួនជាង២.២៧លាននាក់ កើនឡើង ជាង៣២៦% បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងនោះទេសចរជាតិ អាចនឹងឡើង ដល់ប្រមាណជាង២លាននាក់ ក្នុងកំណើនជាង ២៩១% ហើយទេសចរអន្តរជាតិ នឹងឡើងដល់ជាង ២៣ម៉ឺននាក់ ក្នុងកំណើនជាង១៧៦៣%។

គួរជម្រាបថា រយៈពេល១០ខែឆ្នាំ២០២២ដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១.៥៧លាននាក់ កើនឡើង៩៩១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង១០.៨៦លាននាក់ កើនឡើង២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

បើតាមលោក ថោង ខុន កម្ពុជារំពឹងថា នឹងទាក់ទាញទេសចរអន្តរជាតិ ឱ្យបានប្រមាណជាង២លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ១១លាននាក់ នៅឆ្នាំ២០២២នេះ ៕

To Top