ព័ត៌មានជាតិ

ឆ្លើយតបបញ្ហាប្រឈម ថ្នាក់ដឹកនាំទីក្រុងអាស៊ាន យល់ស្របគ្នាពីសារៈសំខាន់ ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ប្រឈមមុខទៅនឹងកាលៈទេសៈ និងទស្សនវិស័យសកល នាពេលបច្ចុប្បន្ន និងទៅអនាគត ថ្នាក់ដឹកនាំទីក្រុងអាស៊ាន បានយល់ស្របគ្នាអំពីសារៈសំខាន់ នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតប ទៅនឹងបញ្ហាប្រឈម ។

ក្នុងឱកាសបិទវេទិកាអភិបាលក្រុងអាស៊ាន (AMF) ឆ្នាំ២០២២ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងថា “វេទិកាអភិបាលក្រុងអាស៊ាន ក្រោមប្រធានបទ ការពង្រឹងកិច្ចសហការអឫស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព​ប្រកបដោយបរិវត្តកម្ម និងវរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី របស់យើងបានឈានដល់ទីបញ្ចប់” ។

ក្នុងនោះលោកអភិបាលរាជធានីភ្នំពេញ បានយល់ឃើញថា “ប្រឈមមុខទៅនឹងកាលៈទេសៈ និងទស្សនវិស័យសកល នាពេលបច្ចុប្បន្ន និងទៅអនាគត ថ្នាក់ដឹកនាំទីក្រុងអាស៊ាន បានយល់ស្របគ្នាអំពីសារៈសំខាន់ នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ សម្រាប់រដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតប ទៅនឹងបញ្ហាប្រឈមរួម ដោយឈរលើស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដែលជាមូលដ្ឋាន ចាំបាច់ ក្នុងការលើកកម្ពស់ ការស្តារឡើងវិញ នូវសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមវិបត្តិនៃជំងឺកូវីដ១៩ ព្រមទាំងជំរុញ សន្ទុះនៃការកសាង ទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី ដូចអ្វីដែលយើងបានកំណត់ជាប្រធានបទ​ នៃអង្គវេទិកាអភិបាល ក្រុងអាស៊ានក្នុងឆ្នាំនេះ” ។

នាឱកាសនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់ទង់ជូនអភិបាលក្រុង នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃវេទិកានេះនៅឆ្នាំ២០២៣ ។ ការប្រគល់ទង់នេះក្រោយបញ្ចប់ដោយជោគជ័យ ដែលរាជធានីភ្នំពេញដឹកនាំកិច្ចប្រជុំអភិបាល រាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ និងបានអនុម័ត និងចុះហត្ថលេខារួមគ្នា លើសេចក្ដីប្រកាស ដែលមាន ខ្លឹមសារចំនួន ៦ ចំណុច៕

To Top