ព័ត៌មានអន្តរជាតិ

មន្រ្តីកំពូលថា សហភាពអឺរ៉ុប ទទួលរងផលប៉ះពាល់ពីជម្លោះអ៊ុយក្រែន ច្រើនជាងសហរដ្ឋអាមេរិក

បរទេស៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា ឥទ្ធិពលនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរទៅលើសហភាពអឺរ៉ុប ជាងសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមលោក Michel ទំនាក់ទំនងសន្តិសុខរវាងទីក្រុងព្រុចសែល និងទីក្រុងវ៉ាស៊ីនតោនបានពង្រឹងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដែលលោកខាងលិចកំពុងគាំទ្រទីក្រុងគៀវ។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអ៊ីតាលី Corriere della Sera កាលពីថ្ងៃសៅរ៍ថា “មានការសម្របសម្រួលដែលមិនធ្លាប់មានពីមុនមកលើសង្រ្គាមនៅអ៊ុយក្រែន” ។

ប៉ុន្តែ​ជាក់ស្តែង​មិនអាច​និយាយបាន​ដូចគ្នា​អំពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ដោយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​បាន​ចង្អុល​បង្ហាញ​ថា “ឥទ្ធិពល​នៃ​ជម្លោះ​មកលើ​អាមេរិក​មិន​ដូចគ្នា​នឹង​អឺរ៉ុប​ទេ​”​។

លោកបាននិយាយថា អ្វីៗកាន់តែងាយស្រួលសម្រាប់អាមេរិក ព្រោះអាមេរិកជាអ្នកនាំចេញធនធានថាមពល និងអត្ថប្រយោជន៍ពីការឡើងថ្លៃឧស្ម័ន និងប្រេង ខណៈដែលសហភាពអឺរ៉ុប “ត្រូវបង់ថ្លៃយ៉ាងធ្ងន់ធ្ងរ” ។ ប្រធានប្លុករូបនេះបានបន្ថែមថា “យើងមានហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច” ។

លោក Charles Michel បានពន្យល់ថា “ឧស្សាហកម្មអឺរ៉ុបចំណាយកាន់តែច្រើនសម្រាប់ថាមពល និងប្រឈមមុខនឹងការប្រកួតប្រជែងពីអាមេរិក” ៕

To Top