ព័ត៌មានជាតិ

ដំណើរការប្រឡងបាក់ឌុប ព្រឹកថ្ងៃទី១ បានប្រព្រឹត្តិដោយរលូន តាមការគ្រោងទុក

ភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដំណើរការប្រឡងបាក់ឌុបនៅទូទាំងប្រទេស នាព្រឹកថ្ងៃទី១នេះ បានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ។

អ្នកនាំពាក្យបានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងក្រោយបញ្ចប់ការប្រឡងភ្លាមៗនាព្រឹកថ្ងៃ៥ ធ្នូថា ក្នុងនោះបេក្ខជននិងគ្រប់ភាគីពាក់ព័ន្ធ បានគោរពបទបញ្ញត្តិតាមការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នចំនួន៦។

ក្រសួង-ស្ថាប័នទាំង៦នោះរួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, និងអគ្គីសនីកម្ពុជា។

លោកថា “ដំណើរការព្រឹកថ្ងៃទី១នេះ មិនមានបាតុភាព មិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ”។

លោក រស់ សុវាចាបញ្ជាក់ថា គណៈមេប្រយោគ គណៈអប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស មានការចិត្តយកទុក ដាក់បំពេញភារកិច្ច ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយមានការចូលរួមសហការពីគ្រប់ពាក់ព័ន្ធ។

សម្រាប់អ្នកមានបញ្ហាសុខភាពវិញលោកថា បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាពកម្រិតស្រាល។ បញ្ហាសុខភាពរបស់បេក្ខជនរួមមាន៖អាការៈវិលមុខ ខ្យល់គរ ក្អួត ហើយបានទទួលការជួយ សង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបន្តការ ប្រឡងវិញ៕

To Top