ព័ត៌មានជាតិ

គម្រោងសាងសង់ ស្ពានខ្សែកាបឫស្សីកែវ សម្រេចបាន ៨៩% និងគ្រោងបញ្ចប់ នាខែមេសា ឆ្នាំ២០២៣

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងសាងសង់ស្ពានខ្សែកាប ឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចបាន៨៩% និងគ្រោងបញ្ចប់ នាខែមេសា ឆ្នាំ២០២៣ ខាងមុខ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បាន​ឱ្យ​ដឹង​ថា «គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ធផលបាន៨៩% នៃគម្រោង។ តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសាឆ្នាំ២០២៣ ខាងមុខ»។

សូមរំលឹកថា គម្រោងស្ពានខ្សែកាបឫស្សីកែវ នេះ មានរចនាបទទំនើប មានសរសរធំចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពានបេតុងនេះ ស្ថាបនានៅអមជាមួយស្ពានបាឡេ មានប្រវែង ៩២២ ម៉ែត្រ មានទទឹង ២០,៥ ម៉ែត្រ។

ដោយឡែក ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើង មានទទឹង ១,២៥ ម៉ែត្រ សងខាង , កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ ម៉ែត្រ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន ៤, គន្លងខ្សែយានយន្ត ទទឹង៣.៧៥ ម៉ែត្រ , គន្លងធ្វើចរាចរ ២ ខ្សែទៅ ២ខ្សែមក , កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ ម៉ែត្រ , កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅ រដូវប្រាំង ២០,៥ ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ ស្លាកសញ្ញាចរាចរ៕

To Top