ព័ត៌មានជាតិ

កម្ពុជាបញ្ជូនទ័ពមួកខៀវ ១៧៣នាក់ ចូលរួមបេសកកម្ម UN នៅម៉ាលី ហើយត្រៀមបញ្ជូនបន្ថែម ១០០នាក់ទៀតនាចុងខែនេះ

ភ្នំពេញ៖ កម្ពុជា បានបញ្ជូនកងទ័ពមួកខៀវចំនួន២កង មាន១៧៣នាក់ ដើម្បីទៅចូលបំពេញបេសកកម្ម អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី ដើម្បីប្តូរវេនកម្លាំងចាស់ ដែលបានបញ្ចប់រយៈពេល ១ឆ្នាំ ។

ក្នុងចំណោមទ័ពមួកខៀវទាំង២កងនោះ មានកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះចំនួន ១២៩នាក់ និងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD ចំនួនសរុប ១៤៤នាក់ ដោយឡែកសម្រាប់កងកម្លាំង EOD គឺបានបញ្ជូន កម្លាំងនាំមុខចំនួន ៤៤នាក់ជាមុនសិន នៅចុងខែធ្នូ ឆ្នាំនេះ នឹងបញ្ជូនបន្ថែមចំនួន ១០០នាក់ទៀត ។

ក្នុងពិធីជូនដំណើរកងកម្លាំងមួកខៀវ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានមានប្រសាសន៍ថា កម្ពុជាបានរួមចំណែកបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីជួយដល់បណ្តាប្រទេសដែល កំពុងប្រឈម និងរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងចូលរួមធ្វើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងធ្វើការថែទាំព្រលានយន្តហោះ។

ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេស ដែលរងការហែកហួរដោយសារភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេស ក្នុងការស្តារនិតិសម្បទារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ ដើម្បីកសាងមាគ៌ាឆ្ពោះទៅកាន់ ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។ ប្រទេសកម្ពុជាបានក្លាយជា ប្រទេសឈានមុខគេមួយក្នុងការ បញ្ជូនអ្នកដោះមីនរបស់ខ្លួន ទៅសម្រាលទុក្ខលំបាក របស់ប្រជាជនដទៃទៀតដែល រងផលប៉ះពាល់ដោយសង្គ្រាម។

ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២២ កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពសរុបចំនួន ៨.៤៧៥នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។ « បច្ចុប្បន្នកងរក្សាសន្តិភាពកម្ពុជាចំនួន ៨០១នាក់ នៅតែបំពេញកាតព្វកិច្ចរបស់ខ្លួន នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល»៕

To Top