គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រព័ន្ធថាមពលរបស់អ៊ុយក្រែន កំពុងដំណើរការ និងនៅដដែល ទោះបីជាមានការវាយប្រហារដោយ មីស៊ីលចុងក្រោយរបស់រុស្ស៊ី ទៅលើកន្លែងថាមពលក៏ដោយ ។
លោក Shmyhal បានឲ្យដឹងនៅលើបណ្ដាញ Telegram ថារោងចក្រថាមពលនៅក្នុងតំបន់គៀវ នៅភាគខាងជើងអ៊ុយក្រែន តំបន់ Vinnytsya កណ្តាល និងតំបន់ Odesa ភាគខាងត្បូងត្រូវបានវាយប្រហារ ដោយមីស៊ីល។
ក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ុយក្រែន Ukrenergo បានឲ្យដឹងថា ស្ថានភាពនៅក្នុងប្រព័ន្ធ ថាមពលរបស់អ៊ុយក្រែនគឺ “ពិបាក ប៉ុន្តែអាចគ្រប់គ្រងបាន” បន្ទាប់ពីការវាយប្រហារ។
ក្រុមហ៊ុន Ukrenergo បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាច់ចរន្តអគ្គិសនីជាបន្ទាន់ ត្រូវបានណែនាំនៅគ្រប់តំបន់ទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កងទ័ពអាកាសនៃកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែនបាននិយាយនៅលើ Telegram ថាខ្លួនបានបាញ់ទម្លាក់មីស៊ីលជាង ៦០គ្រាប់ ក្នុងចំណោមជាង ៧០គ្រាប់ ដែលត្រូវបានបាញ់ដោយប្រទេសរុស្ស៊ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទ ៕
ប្រែសម្រួល ឈូក បូរ៉ា