ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងរយៈពេលដំណើរ ការសំណេរ នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានបេក្ខជនអវត្តមាន ជាង២ពាន់នាក់ និងសង្ស័យវិជ្ជមានកូវីដ៤នាក់ ខណៈដំណើរការប្រឡង មានភាល្អប្រសើរ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី៦ធ្នូ បានលើកឡើងថា ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ ។ បេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨១៣៥នាក់ ស្រី៦៨៧៧១នាក់, មណ្ឌលប្រឡង ២២១, និងត្រូវជា ៥១៧៤បន្ទប់ ។ ដំណើរការសំណេរត្រូវបានចូលរួមរៀបចំ ដោយគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការ នានា សរុបចំនួន១៧ ២៤០នាក់, ជំនួយការអប្បមាទ ដែលជាគរុសិស្ស និង – គរុនិស្សិត ( ចំនួន ២៧៥៦នាក់ អង្គភាពប្រឆាំង អំពើពុករលួយ បានចូលរួមសង្កេតការណ៍ ចំនួន៣៥០នាក់ និង អ្នកសង្កេតការណ៍ រាជធានី ខេត្តចំនួន ២៧០០នាក់។
ក្រសួងបានបញ្ជាក់ថា ៖
បេក្ខជនអវត្តមាន សរុបចំនួន ២៤០០នាក់ (ត្រូវជា១,៨៧ភាគរយ នៃបេក្ខជនសរុប) (ស្រី១០៣៦នាក់ ។ បេក្ខជនចំនួន ៧០នាក់ មានបញ្ហាសុខភាព ក្នុងនោះករណីគ្រោះថ្នាក់ ចរាចរណ៍កម្រិតស្រាល០៤ករណី និងសង្ស័យវិជ្ជមាន ជំងឺកូរីដ-១៩ មាន ០៤ ករណី ។ បេក្ខជន ដែលមិនអាចបន្តដំណើរ ការសំណេរ ដោយសារបញ្ហា សុខភាព មានចំនួន០៣ករណី ។ គណៈមេប្រយោគមានបញ្ហា សុខភាពមានចំនួន១៤នាក់ ក្នុងនោះ០១នាក់ មានស្ថានភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។
ក្រសួងថានៅ តាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ, មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ, បានអនុវត្តតាមសេចក្តី ណែនាំប្រតិបត្តិ របស់ក្រសួងអប់រំ យុវជន និងកីឡា មានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោតទូទាំង ប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការ កណ្តាល គណៈកម្មការត្រួតពិនិ ត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការ ចូលរួមសហការពីអង្គភាពប្រឆាំង អំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, ភ្នាក់ងារសុខាភិបាល, កងកម្លាំង និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ទោះបីនៅតាមខេត្តមួយ ចំនួនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិន ប៉ះពាល់ដល់ដំណើរ ការសំណេររបស់បេក្ខជនឡើយ ។ បេក្ខជនបានគោរពបទបញ្ញត្តិ នៃការប្រឡងបានយ៉ាងល្អ។ បេក្ខជនប្រព្រឹត្ត កំហុសឆ្គងមានចំនួន០១ករណី។
ក្រសួងបានលើកឡើងថា ដំណើរការសំណេរបានបញ្ចប់ ទៅនៅម៉ោង១៦:៣០រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ។ ហិបសំណៅកិច្ចការបេក្ខជន និង សំណុំឯកសារពាក់ព័ន្ធការប្រឡង និងត្រូវត្រួតពិនិត្យ ដោយហ្មត់ចត់បំផុត និងត្រូវបញ្ចូនមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីត្រៀមដំណើរការកំណែ ។
ក្រសួងបានលើកឡើងថាជារួម ដំណាក់កាលសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ បានប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។ តាមការគ្រោងទុក លទ្ធផលប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងនៅតាមមណ្ឌល ប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា៕