ព័ត៌មានជាតិ

នៅសាកលវិទ្យាល័យ ការពារជាតិនៃកម្ពុជា មានរៀបចំបាឋកថា ស្តីពីទំនើបកម្មសង្គមនិយម តាមបែបផែនចិន ដែលបានផ្តល់ពន្លឺពុទ្ធិ កាន់តែច្បាស់ដល់ការយល់ដឹង កាន់តែស៊ីជម្រៅពីសិទ្ធិមនុស្ស និងជីវភាពរស់នៅប្រកបដោយ សុភមង្គលរបស់ប្រជាជនចិន

នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យការពារជាតិ មានរៀបចំកម្មវិធីបាឋកថាស្តីពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ ថ្លែងទៅកាន់ថ្នាក់ដឹកនាំ យោធាចារ្យ និស្សិត នៃសាកលវិទ្យាល័យការពារជាតិចំនួន២០០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានគូសបញ្ជាក់ពីសមិទ្ធផលនៃ សមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន ដោយផ្តោតលើទស្សនៈស្តីពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន។

លោកបានផ្តល់នូវទឡ្ហីករណ៍តាមរយៈ ខ្លឹមសារដែលបានដកស្រង់ចេញពីសៀវភៅ Xi Jinping ៖ អភិបាលកិច្ចប្រទេសចិន ភាគ៤ ដោយបង្ហាញពីការធ្វើទំនើបកម្ម សង្គមនិយមតាមបែបផែនចិន ដែលជាសង្គមនិយមទំនើប ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ដែលមានលក្ខណៈពិសេស នៃការរួមបញ្ចូលនូវបទពិសោធធ្វើទំនើបកម្ម នៃបណ្តាប្រទេសនានាជាមួយ លក្ខណៈពិសេសផ្ទាល់ខ្លួនរបស់ចិន។

លោកបណ្ឌិតបានពន្យល់ និងបកស្រាយនូវចម្ងល់របស់ អង្គពិធីយ៉ាងលម្អិតថា គ្មានប្រព័ន្ធនយោបាយណាលើផែនដី ដែលមានលក្ខណៈដូចគ្នាបេះបិទ ហើយគ្មានគំរូណាដែលអាចត្រូវ នឹងប្រព័ន្ធនយោបាយគ្រប់ប្រទេសនោះឡើយ។ ប្រជាពលរដ្ឋចិនទទួលស្គាល់ថា វាជាលក្ខណៈធម្មជាតិដែលរបស់ នីមួយៗមានលក្ខណៈខុសៗគ្នា។

ភាពរឹងមាំនៃប្រព័ន្ធនយោបាយ សង្គមនិយមចិនដែលមានលក្ខណៈពិសេសចិន មានដំណើរការពោរពេញទៅដោយថាមពល ភាពរឹងមាំ និងប្រសិទ្ធភាពទាំងនៅអតីតកាល និងបច្ចុប្បន្ន។ វាបានរីកចម្រើននៅលើទឹកដីចិន។ នៅពេលអនាគត វានឹងបន្តលូតលាស់ ហើយចាក់ឫសយ៉ាងជ្រៅ នៅក្នុងទឹកដីនេះផងដែរ។ ទំនើបកម្មបែបផែនប្រទេសចិន មានបង្កប់នូវលក្ខណៈពិសេសមួយនោះគឺ «វិបុលភាពរួម»។ ប្រទេសចិននឹងបើកទូលាយ ក្នុងកម្រិតកាន់តែខ្ពស់ ដើម្បីចែករំលែកឱកាសទីផ្សារ កាន់តែច្រើនដល់ពិភពលោក។ ទំនើបកម្មសង្គមនិយមតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលគ្របដណ្តប់ លើទ្រង់ទ្រាយប្រជាជនដ៏ធំសម្បើម ជាការធ្វើទំនើបកម្មដែលប្រជាជន ទាំងមូលសុទ្ធតែទទួលបានជីវភាព រស់នៅប្រកបដោយវិបុលភាព ជាការធ្វើទំនើបកម្មដែលអរិយធម៌ខាង សម្ភារៈនិងអរិយធម៌ខាងវិញ្ញាណ មានភាពចុះសម្រុងគ្នា ជាការធ្វើទំនើបកម្មដែលមនុស្សជាតិ និងធម្មជាតិរួមរស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្មដែលដើរ តាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព។

ក្នុងនាមជាអ្នកដែលបានអាន យ៉ាងយកចិត្តទុកដាក់នូវសៀវភៅ Xi Jinping អភិបាលកិច្ចប្រទេសចិន តាំងពីភាគទី១ដល់ភាគទី៤ ហើយក៏ជាអ្នកដែលតាមដាន ព័ត៌មានពីសមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ា មុនី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ការពារជាតិនិងជានាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល បានឯកភាពតាមខ្លឹមសារ នៃទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដោយបានកត់សម្គាល់ថា ចាប់ពីការសម្រេចគោលដៅចេញផុតពីភាពក្រីក្រ សម្រេចជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ រហូតដល់សិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌របស់ ប្រជាជានត្រូវបានធានាដោយមានប្រសិទ្ធភាព។

ដោយឡែកក្នុងឱកាសទិវាអន្តរជាតិសិទ្ធិមនុស្ស ឯកឧត្តមក៏បានគូសរំលេចផងដែរថា នៅក្នុងប្រទេសចិន ការធានាសិទ្ធិមនុស្សមិនមែន និយាយបានតែមាត់ទេ តែគឺអនុវត្តជាក់ស្តែងនូវកិច្ចការពាក់ព័ន្ធ ជីវភាពរស់នៅរបស់ប្រជាជនចិន។

បក្សកុម្មុយនិស្តចិនជាអ្នកជំរុញយ៉ាងសកម្ម និងជាអ្នកគាំពារយ៉ាងមុតមាំ នៃកិច្ចការសិទ្ធិមនុស្ស ដែលបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីឱ្យប្រជាជនចំនួនជិតមួយភាគប្រាំ នៃពិភពលោករស់នៅដោយ មាសុភមង្គលនិងមានសេចក្តីថ្លៃថ្នូរ។ ជីវភាពរស់នៅដ៏មានសុភមង្គល របស់ប្រជាជនចិនជាសិទ្ធិមនុស្សធំបំផុត នេះគឺខ្លឹមសារសំខាន់នៃ ទស្សនៈសិទ្ធិមនុស្សតាមបែបផែនចិន។ គំនិតនវានុវត្ត វិធានការថ្មី និងការអនុវត្តថ្មីរបស់ប្រទេសចិន ក្នុងការគោរពនិងធានា សិទ្ធិមនុស្សរបស់ប្រទេសចិន មិនត្រឹមតែបានបន្ថែមអត្ថន័យថ្មី ដល់កិច្ចការសិទ្ធិមនុស្សសកល និងគំរូភាពនៃអរិយធម៌មនុស្សប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ជាបទពិសោធ ដ៏មានប្រយោជន៍ដល់ប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍ រួមមានទាំងកម្ពុជាថែមទៀតផង៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top