ព័ត៌មានអន្តរជាតិ

ប្រទះឃើញមីស៊ីល ៥គ្រាប់ ធ្លាក់នៅជិតមូលដ្ឋាន ទ័ពអាកាសអាមេរិក នៅអ៊ីរ៉ាក់

បរទេស៖ យោងតាមរបាយការណ៍ ដែលមិនបានបញ្ជាក់ បានឱ្យដឹងថា យ៉ាងហោចណាស់មានគ្រាប់មីស៊ីល៥ គ្រាប់ បានវាយប្រហារ នៅជិតឃ្លាំងយោធាអ៊ីរ៉ាក់នៅទីក្រុង al-Qayyarah ដែលមានកងកម្លាំង យោធាអាមេរិកឈរជើង កាលពីល្ងាចថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីដើមខែមករា ប្រទេសអ៊ីរ៉ង់បានបាញ់មីស៊ីល សំដៅមូលដ្ឋានអាកាស Erbil និង Al Asad នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលមូលដ្ឋានទាំងពីរ គឺមានកងទ័ពអាមេរិកឈរជើង បន្ទាប់ពីការវាយប្រហារ តាមអាកាសរបស់អាមេរិកកាលពីថ្ងៃទី ៣ ខែមករា ដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qasem Soleimani និង លោក Abu Abudidi Muhandis ដែលជាមេបញ្ជាការរង នៃកងកម្លាំងចល័ត ដែលជាអង្គការជីវពល Shia អ៊ីរ៉ាក់គាំទ្រដោយអ៊ីរ៉ង់។

ក្រសួងការពារជាតិអាមេរិក បាននិយាយនៅមុននេះថា យ៉ាងហោចណាស់ ទាហានអាមេរិកចំនួន ៥០ នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានរបួសខួរក្បាល (TBI) បន្ទាប់ពីការវាយប្រហារ ដោយមីស៊ីលអ៊ីរ៉ង់។ កាលពីថ្ងៃព្រហស្បតិ៍ មន្ទីរប៉ង់តាហ្គោន បានធ្វើបច្ចុប្បន្នភាព ចំនួនអ្នករងរបួសរបស់ខ្លួន ដោយដាក់ចំនួនបុគ្គលិក ដែលទទួលរងពីការរបួសខួរក្បាល កើនឡើងដល់ ៦៤នាក់៕ ប្រែសម្រួលៈ ណៃ តុលា

To Top