បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបដិសេធថា សហរដ្ឋអាមេរិកមិនមានអ្វីពាក់ព័ន្ធនឹង ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើករបស់អ៊ុយក្រែន លើអាកាសយានដ្ឋានចំនួនពីរ នៅក្នុងប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែបានប្តេជ្ញាបន្តផ្គត់ផ្គង់ឱ្យទីក្រុងគៀវ នូវអ្វីដែលអ៊ុយក្រែនត្រូវការ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក លោក Lloyd Austin បានបដិសេធការរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយអំពី ឧបករណ៍បាញ់បង្ហោះ HIMARS របស់សហរដ្ឋអាមេរិក ដោយនិយាយថា មន្ទីរបញ្ចកោណនឹងមិន “រារាំង” អ៊ុយក្រែនពីការអភិវឌ្ឍសមត្ថភាព រយៈចម្ងាយឆ្ងាយនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Austin និង លោក Blinken ត្រូវបានអ្នកសារព័ត៌មាន ចោទសួរ កាលពីថ្ងៃអង្គារជាមួយនឹង សមភាគីអូស្ត្រាលីដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅពេលដែលការវាយប្រហារ កាលពីថ្ងៃចន្ទលើអាកាសយានដ្ឋានរុស្ស៊ីចំនួនពីរ និង នៅពេលដែលកាសែត Wall Street Journal រាយការណ៍អំពីការកែប្រែ ឧបករណ៍បាញ់គ្រាប់រ៉ុក្កែត HIMARS បានកើតឡើង។
លោក Blinken បានប្រាប់អ្នកយកព័ត៌មានថា “យើងមិនបានលើកទឹកចិត្ត ឬអនុញ្ញាតឱ្យអ៊ុយក្រែនធ្វើការវាយប្រហារ តាមអាកាសនៅក្នុងទឹកដីប្រទេសរុស្ស៊ី នោះទេ” ដោយបន្ថែមថាអ្វីដែលសំខាន់នោះ គឺថាតើអ៊ុយក្រែនកំពុងប្រឈមមុខនឹង “ការឈ្លានពានរបស់រុស្ស៊ីដែលកំពុងបន្ត”។ លោក Blinken បន្ថែមថា សហរដ្ឋអាមេរិកប្តេជ្ញាផ្តល់ឱ្យអ៊ុយក្រែននូវ “ឧបករណ៍ដែលពួកគេ ត្រូវការដើម្បីការពារខ្លួន ការពារទឹកដីរបស់ពួកគេ ដើម្បីការពារសេរីភាពរបស់ពួកគេ” ៕
ប្រែសម្រួលៈ ណៃ តុលា