ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ និយាយថា អ៊ុយក្រែនអាចវាយប្រហារ ដល់ក្នុងទឹកដីរុស្ស៊ីបាន

បរទេស៖ ខណៈពេលដែលសហរដ្ឋអាមេរិក បានឃ្លាតឆ្ងាយពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ទៅលើមូលដ្ឋានទ័ពអាកាសពីរ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ ក្នុងប្រទេសរុស្ស៊ីនោះ អ្នកនាំពាក្យរបស់រដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងគៀវ មិនចាំបាច់កំណត់ការប្រឹងប្រែង ធ្វើសង្គ្រាមរបស់ខ្លួន ចំពោះទឹកដីអ៊ុយក្រែននោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ លើរបាយការណ៍នៃការផ្ទុះ នៅអាកាសយានដ្ឋានរុស្ស៊ី លោក Steffen Hebestreit អ្នកនាំពាក្យរបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រាប់អ្នកសារព័ត៌មានថា “អ៊ុយក្រែនមានសិទ្ធិការពារខ្លួនក្រោមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ” ហើយ «អ៊ុយក្រែនមិនមានកាតព្វកិច្ចកំណត់ កិច្ចខិតខំប្រឹងប្រែងការពារជាតិ ទៅលើទឹកដីរបស់ខ្លួននោះដែរ»។

យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា មូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ចំនួនពីរនៅក្នុងតំបន់ Ryazan និង Saratov បានរងការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើកកាលពីព្រឹកថ្ងៃចន្ទ។ សមាជិកសេវាកម្មបីនាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ខណៈយន្តហោះពីរគ្រឿង បានរងការខូចខាតបន្តិចបន្តួច។ ការវាយប្រហារមិនបានរំខាន ដល់ការគ្រោងការវាយប្រហារ ពីដែនអាកាសប្រឆាំងនឹងភស្តុភារ យោធាអ៊ុយក្រែននៅថ្ងៃក្រោយនោះទេ។

ការវាយប្រហារបានកើតឡើង នៅថ្ងៃតែមួយជាមួយនឹងបញ្ចេញឱ្យដឹងមុនថា សហរដ្ឋអាមេរិកបានកែប្រែគ្រាប់រ៉ុក្កែត HIMARS ដូច្នេះអ៊ុយក្រែនមិនអាចប្រើវា សម្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយនោះទេ ដែលត្រូវបានចោទប្រកាន់ថា ដោយសារតែសេតវិមានចង់ជៀសវាង ការកើនឡើងជាមួយវិមានក្រឹមឡាំង ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top